ភ្នំពេញ ៖ នៅសល់រយៈពេលតែ២ថ្ងៃទៀតប៉ុណ្ណោះសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលី។ ដំណើរទស្សកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចាប់ផ្តើមពីថ្ងៃ១៦ ដល់១៨ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អូស្ត្រាលី អាស៊ាន ។ ក្នុងអំឡុងដំណើរទស្សកិច្ចនោះ សម្ដេចក៍គ្រោងនឹងជួបសំណេះសំណាលសាកសួរ សុខទុក្ខ ជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរនៅប្រទេសអូស្ត្រាលីផងដែរ។ ប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់ ជាច្រើននៅប្រទេសអូស្ត្រាលី និងញូហ្សេណែន ត្រូវគេឃើញ បានត្រៀម ការស្វាមគមន៍ដំណើររបស់សម្ដេច និងសម្ដែងក្ដីរីករាយ ទន្ទឹងរង់ចាំថ្ងៃនោះ មកដល់ឲ្យបានឆាប់ប្រជាពលរដ្ឋទាំងនោះបានថ្លែងថា ពួកគាត់គាំទ្រសម្ដេចដោយសារពួកគាត់ បានឃើញប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្ដេចហ៊ុន សែន ធ្វើឲ្យប្រទេសមានសុខ សន្តិភាព មានការអភិវឌ្ឍប្រជាពលរដ្ឋខ្មែរដែលត្រៀមនឹងចូលរួមបានបដិសេធទៅនឹង ក្រុមប្រឆាំងដែលដែលចោទថា ការដែលប្រជាពលរដ្ឋ និងនិស្សិតខ្មែរទៅទទួលស្វាមគមន៍សម្ដេចនាយករដ្ឋមន្ត្រី គឺដោយសារ ការបង្ខិតបង្ខំ និងការជួលជាប្រាក់។
យោងតាមក្រសួងការបរទេស ក្នុងដំណើរទស្សកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសអូស្ត្រាលី ក្រៅពីដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន អូស្ត្រាលី សម្ដេច ក៍នឹងមានគម្រោងជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់កុម ធឺន ប៊ុល (Malcolm Turnbull) ផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីបានរំពឹងថា ជំនួបនោះនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកម្ពុជា និងអូស្ត្រាលីនឹងកាន់តែជិតស្និទ្ធថែមទៀត។
សូមជម្រាបថា កម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥២មក។ បច្ចុប្បន្ន ប្រទេសទាំង២បានធ្វើការយ៉ាងជិតស្និទ្ធិទៅលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រឆាំងទេសចរណ៍ផ្លូវភេទលើកុមារ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន និងការប្រឆាំងភេរវកម្ម ជាដើម។ តាមទិន្នន័យរបស់ក្រសួងការបរទេសអូស្ត្រាលី ប្រជាជនកម្ពុជារស់នៅប្រទេសអូស្ត្រាលីគិតត្រឹមឆ្នាំ២០១៦មានប្រមាណ៦ម៉ឺននាក់។ ប្រជាជនកម្ពុជាភាគច្រើនដែលមកតាំងទីនៅប្រទេសអូស្ត្រាលីភាគច្រើនគឺជាជនភៀសខ្លួន ក្នុងសម័យសង្គ្រាមក្នុងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ រហូតដល់ទសវត្ស១៩៨០ ដែលរហូតដល់ឆ្នាំ១៩៩០ ប្រជាជនខ្មែរនៅប្រទេសអូស្ត្រាលីមានប្រមាណ២ម៉ឺននាក់៕