បច្ចុប្បន្នមាន​ពលករ​ខ្មែរ​ជាង​១​លាន​២​សែន​នាក់​កំពុងធ្វើការ​នៅ​ប្រទេស​ចំនួន​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2018 ក+ ក-

​ភ្នំពេញ ៖ បើ​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​លាន ២​សែន​នាក់ កំពុង​ធ្វើ ការងារ ជា​ពលករ​នៅក្រៅ​ប្រទេស តាមរយៈ​ការជួយ​ស្វែងរក​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​យោងតាម​របាយ​ការ​ណ៌​លទ្ធផល​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់ដែរថា មាន​ប្រទេស​ចំនួន​៦ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចរចារ​ជាមួយ ដើម្បី​ស្នើសុំ​ការផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ក្នុងនោះ​ប្រទេស​ថៃ​ជា​ប្រទេស​ដែល​កម្ពុ​ជាប​ញ្ចូ​ន​ពលករ​ទៅ​ច្រើនជាងគេ មាន​រហូតដល់​ទៅជា​ង ១​លាន​៥​ម៉ឺន ៦​ពាន់​នាក់​។ បន្ទាប់មក​គឺ​សាធារណៈរដ្ឋ​កូរ៉េ មាន​ពលករ​កម្ពុជា​ចំនួន​ជាង​៤​ម៉ឺន​៤​ពាន់​នាក់​។ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ប្រមាណ​៣​ម៉ឺន​នាក់​។ ប្រទេស​ជប៉ុន មាន​ចំនួន​ជាង​៦​ពាន់​នាក់​។ ប្រទេស​សឹង្ហ​បុរី មាន​ចំនួន​ជិត​៥​រយ​នាក់ ។​ចំណែក​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ដែល​ទើប​ចាប់ផ្ដើម​ទទួលយក​ពល​ការី​នី​ពី​កម្ពុ​ជាមាន​ចំនួន​១៥​នាក់​។
គួរ​កត់សំគាល់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ថវិកា​ចំណូល​របស់​ពលករ​ក​ម្ពុ​ជា​ដែល​ធ្វើការ​នៅក្រៅ​ប្រទេស គឺជា​ការរួមចំណែក​មួ​យ​យ៉ាងសំខាន់​សម្រាប់​ក្រុមគ្រួសារ និង​ប្រទេសជាតិ ដោយ​ថវិកា​សរុប​ដែល​ពលករ​ទាំង​នោះបាន​ផ្ញើរ​មកកាន់​ស្រុកកំណើត មាន​ប្រមាណ​ជា​២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​។
​នាពេល​កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជម្រុញ​អោយ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការ​ព​ន្លឿ​ន​ការងារ ដើម្បីអោយ​ពលករ​ខ្មែរ​ទទួលបាន​ភាពស្រប​ច្បាប់ ដើម្បី​បានធ្វើការ​និង​រស់នៅ​ក្រៅប្រទេស​ដូចជា​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។ បន្ថែម​ពីនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​ស្វែងរក​ទីផ្សារការងារ​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មជ្ឈិមបូព៌ា ជាពិសេស​សម្រាប់​បងប្អូន​ខ្មែរឥស្លាម​ផងដែរ​៕

 

 

 

 

 

(​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈប្រតិភូ នាឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Shim Khuong-Woo ប្រធាន​អង្គភាព​សុខុមាលភាព និង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ (COMWEL) នៅ​សណ្ឋាគារ Skyfarm ប្រទេស​កូរ៉េ​)​