ភ្នំពេញ ៖ បុរសខ្មែរអ៊ិស្លាមវ័យជាង៣០ម្នាក់ ត្រូវសមត្ថកិច្ចចម្រុះតាមចាប់ខ្លួនបាននៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។ នេះបើតាមការឲ្យដឹងពីលោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា ជនសង្ស័យទី៣ នេះ ឈ្មោះ អាន ផល្លី អាយុ៣១ឆ្នាំមានលំនៅដ្ឋាននៅ សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ ត្រូវបានឃាត់ខ្លួន នៅខេត្តកំពង់ធំបន្ទាប់ជនសង្ស័យ២នាក់ ផ្សេង ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅពេលមុននេះរយៈពេល២ថ្ងៃ រួមមាន៖ទី១ ឈ្មោះ យាត ទិត្យា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះគ្មានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ ទួល សង្កែ ២ ខណ្ឌឬស្សីកែវ និងទី២ ឈ្មោះ អាន វិនទី អាយុ២១ឆ្នាំ មុខរបរជាងមាស រស់នៅផ្ទះ ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។ ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ ខ្លួននៅម្តុំឈូកទិព្ទ ខណ្ឌទួលគោក ហើយនៅពេលនេះកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់ថា «ឥឡូវនេះយើងបានកំណត់មុខសញ្ញា បានសាវតាជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេ បានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) ដោយតែបណ្ដាញសង្គមរបស់យើង បានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូពេញទឹកពេញដី ជាពិសេស តាំងពីថ្ងៃខ្ញុំដាក់បទបញ្ជាឲ្យតាមចាប់ គឺពួកគេបានដឹងខ្លួន ហើយរត់គេចតាំង ពីថ្ងៃនោះមក។ ជាមួយគ្នានេះ ខ្ញុំបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនឲ្យទាល់តែបាន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិតសាស្ដ្រាចារ្យ ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ៕