ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ ខែមីនា នេះថា ប្រទេស កាណាដា នឹងបន្តបញ្ជាទិញទំនិញផ្នែកវាយនភណ្ឌ (សម្លៀកបំពាក់) ពី កម្ពុជាបន្ថែមទៀត ខណៈដែលប្រទេសនេះ បានដកការបញ្ជាទិញពីបណ្តាប្រទេស ពាក់ព័ន្ធមួយ ចំនួន។
មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារជាមួយ លោក ជំទាវ ដូណាកា ប៉ូតទី (DONICA POTTIE) ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា ពេលនេះ កាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួន ប៉ុន្តែចំពោះប្រទេសកម្ពុជា កាណាដា នៅតែរក្សាដដែល មិនមានអ្វីប្រែប្រួលឡើយ។
ឯកឧត្តមបណ្ឌិតបន្តថា ដោយឡែកតម្លៃនៃការនាំចេញទៅកាន់ ប្រទេស កាណាដា ក៏ស្ថិត ក្នុងស្ថានភាពល្អប្រសើរ ដែលភាគី កាណាដា បានផ្តល់ភាពអនុគ្រោះសម្រាប់ការនាំចូល ដោយគិត មកទល់ពេលនេះ មានចំនួនជាង ៩០លានដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា កត្តាដែលភាគីកាណាដា នៅតែបន្តបញ្ជាទិញ ដោយសារ រដ្ឋាភិ បាលកម្ពុជាមានគោលនយោបាយល្អ ដូចជាការដោះស្រាយលក្ខខណ្ឌការងារប្រាក់ឈ្នួលកើនឡើង និងធ្វើឲ្យមានបញ្ហាប្រកួតប្រជែងមួយចំនួន និងមានភាពអនុគ្រោះដោយសារថា អ្នកប្រើប្រាស់ ទំនិញនៅក្នុងអរិយប្រទេស មួយចំនួនក៏ពេញចិត្ត នឹងអ្វីដែលជាលក្ខខណ្ឌ ដែលបានផ្តល់ជូន ទៅ ដល់ កម្មករនិយោជិត ជាពិសេសចុងក្រោយនេះ គោលនយោបាយគាំពារសង្គម របស់ប្រមុខ រដ្ឋា ភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្តល់គ្រប់បែបយ៉ាងដល់កម្មករ និយោជិត ពិសេសស្ត្រីដែលជំរុញឲ្យមានការទាក់ទាញកាន់តែខ្លាំង ទាំងអ្នកប្រើប្រាស់ និងអ្នកបញ្ជា ទិញ ។ កត្តាទាំងនេះធ្វើឲ្យអ្នកបញ្ជាទិញកាន់តែចាប់អារម្មណ៍ខ្លាំងឡើងថែមទៀតផង។
ដោយឡែកទាក់ទិននិងកិច្ចពិភាក្សានាពេលនេះវិញ ឯកឧត្តមបណ្ឌិត អ៊ិត សំហេងលើក ឡើងថា បានផ្តោតទៅលើវិស័យការងារជាសំខាន់ ព្រោះកាណាដា ជាប្រទេសមួយដែលទិញទំនិញ ផ្នែកវាយនភ័ណ្ឌពីប្រទេសកម្ពុជាដ៏សំខាន់មួយផងដែរ។ ដូច្នេះភាគី កាណាដា បានស្វែងយល់ អំពី លក្ខខណ្ឌការងារនិងការអនុវត្តន៍នូវគោលនយោបាយចំពោះសិទ្ធិសេរីភាពនៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈនេះប្រទេសទាំងពីរបានយល់គ្នា កាន់តែច្បាស់ ពីអ្វីដែលស្ថានភាពដ៏ល្អប្រសើរជាមួយលក្ខខណ្ឌការងារ ហើយភាគីកាណាដា ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជាហើយចាត់ទុកប្រទេសកម្ពុជា ថាជាប្រទេសគំរូមួយនៅក្នុងការ អនុវត្តលក្ខខណ្ឌការងារ ល្អ ប្រសើរនេះ៕