ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹង ថា នៅឆ្នាំ២០១៨នេះ សាធារណកូរ៉េ នឹងផ្តល់កូតាចំនួនប្រមាណជាង៤ពាន់កូតា សម្រាប់ពលករ ខ្មែរទៅធ្វើការនៅទីនោះ ដែលចំនួននេះគឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅដែរ។
នៅក្រោយជំនួបពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១៦ មីនា ឆ្នាំ២០១៨នេះ ជាមួយឯកឧត្តម អ៊ូណាក់ យ៉ុង (OH NAK-YOUNG) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណ កូរ៉េប្រចាំកម្ពុជា លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទាក់ទងនឹងចំនួនកូតាជាង៤ពាន់ នេះ ភាគីកូរ៉េ បានឲ្យដឹងថា ចំនួនប្រទេសដែលទទួលបានប្រព័ន្ធ អនុគ្រោះអ៊ីភីអេស (EPS)នៅពេលនេះបានកើនឡើងមួយប្រទេសថែមទៀត ក្នុងនោះនឹងកាត់កូតា ពីក្នុងប្រទេសចាស់ៗ ដើម្បីថែមទៅឲ្យប្រទេសថ្មី ប៉ុន្តែបញ្ហានេះក៏មិនប៉ះពាល់មកដល់កម្ពុជាដែរ។
លោករដ្ឋមន្ត្រីលើកឡើងថា ក្នុងជំនួបពិភាក្សាគ្នានេះដែរកម្ពុជា បានស្នើរកូរ៉េទៅលើ ជំនាញ សេវាកម្មបន្ថែមពីលើជំនាញឧស្សាហកម្ម និងកសិកម្ម ហើយបញ្ហានេះ ត្រូវបានភាគីកូរ៉េ សុំពេលពិចារណា ខណៈដែលនៅប្រទេសកូរ៉េ មិនទាន់បានគិតលើជំនាញនេះនៅឡើយ។
ទាក់ទិននឹងជំនួបនៅថ្ងៃនេះ លោកបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា គឺបានផ្តោតទៅ លើកិច្ចសហប្រតិ្តបត្តិការលើវិស័យការងារ និងការផ្តល់ឱកាសឲ្យបងប្អូនពលករ កម្ពុជាទៅធ្វើការ នៅកូរ៉េ ដែលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារនេះ គឺមានច្រើនក្នុងនោះ រួមមានផ្នែក អនាម័យ និងសុវត្ថិភាពការងារ ដែលភាគីកូរ៉េ កន្លងមកនេះ តែងបានផ្តល់នូវការគាំទ្រខាងផ្នែក បច្ចេកទេស មកដល់ខាងពេទ្យការងារ ក្នុងការអប់រំផ្សព្វផ្សាយអំពីប្រព័ន្ធអនាម័យសុវត្ថិភាពការងារ ការបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេស និងការផ្តល់ ឧបករណ៍បច្ចេកទេស សម្រាប់ការពិនិត្យ ស្ថាន ភាពសុវត្ថិភាពការងារនៅតាមសហគ្រាសជាដើម ហើយភាគីទាំងពីរ សន្យានឹងបន្ត ពង្រីក កិច្ចសហប្រតិបត្តិការនេះ ឱ្យបានខ្លាំងក្លារថែមទៀតនៅឆ្នាំបន្តបន្ទាប់ទៅនេះ។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ពលករខ្មែរកំពុងបំរើការងារ នៅសាធារណរដ្ឋកូរ៉េ មានចំនួនប្រមាណជាង៥ពាន់នាក់៕