ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាស្ថានីយ៍បូមទឹកទី១៤ ដែលស្ថិតនៅតំបន់ លូ៥ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីដោះស្រាយការជន់លិចដោយជំនន់ទឹក ភ្លៀងនៅ រដូវវស្សា ដែលតែងតែលិចជារៀងរាល់ឆ្នាំ។
ក្នុងពិធីបើកការស្ថាបនាស្ថានីយបូមទឹកលូ៥ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅចំណុចភូមិទួលពង្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានថ្លែងថា “នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលរដ្ឋបាលរាជធានី ចាប់ផ្តើមស្ថាបនា ស្ថា នីយ លូ៥ សំរាប់បូមទឹក ដែលលិចលង់ដោយទឹកភ្លៀងក្នុងរដូវវស្សា នៅភាគខាងលិច រាជធានី ភ្នំពេញ នៃខណ្ឌចំនួន៣ គឺខណ្ឌដង្កោ ពោធិសែនជ័យ និងខណ្ឌមានជ័យ”។
លោក អភិបាលបញ្ជាក់ថា ទំហំដ៏ធំធេងនេះ ពេលមានភ្លៀងធ្លាក់ម្តង ធ្វើអោយមានការ លិចលង់យ៉ាងធ្ងន់ធ្ងរ ចូលផ្ទះរបស់ប្រជាពលរដ្ឋ ជាដំណោះស្រាយ គឺពឹងផ្អែកលើស្ថានីយ៍បូម ទឹក លូ៥ ដែលបូមបង្ហូរចូលទៅបឹងជើងឯក ភាគខាងត្បូងរាជធានីភ្នំពេញ និងបង្ហៀរតាមស្ទឹងព្រែក ត្នោត ចូលទៅក្នុងទន្លេបាសាក់។ ប្រឡាយនេះវាជាប្រឡាយរណប មួយដែលបង្ហូរទឹកពីប្រឡាយ បារាំង ទៅកាន់បឹងជើងឯកផងដែរ។
ដើម្បីកាត់បន្ថយនៃការជនលិចនៅរដូវវស្សា លោក អភិបាលរាជធានី បានសំណូមពរទៅ ដល់ ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ក៏ដូចជាអ្នកចំណូលថ្មីត្រូវចូលរួមថែរក្សាបរិស្ថាន និង ត្រូវចេះទុកដាក់សំរាមអោយបានល្អ កុំយកសំរាមទៅដាក់មាត់លូ ឬបោះសំរាម ចូលទៅក្នុង ប្រឡាយដែលធ្វើឱ្យកកស្ទះផ្លូវទឹក បណ្តាលអោយមានការជន់លិចទឹក លំនៅឋាន និងទីក្រុង របស់ យើង។
ជាមួយគ្នានោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន បានអោយដឹងថា ការស្ថាបនាស្ថានីយ៍បូមទឹកលូ៥នេះ គឺត្រូវសាងសង់អគារថ្មី១ បណ្តោយ ជាង១៨ម៉ែត្រ គុណនិង១០ម៉ែត្រ ដាក់ម៉ាស៊ីនបូម៤គ្រឿង ទំហំ០,៨ម៉ែត្រ ដែលមានសមត្ថភាព បូមបាន៨ម៉ែត្រគូបក្នុង១វិនាទី។
ប្រធានមន្ទីររូបនេះ បន្តថា ការស្ថាបនាស្ថានីយ៍បូមទឹកលូ៥នេះ គឺគ្រោងសាងសង់អោយរួច រាល់នាចុងឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង គឺស្ថានីយ៍បូម ទឹក បឹងត្របែក បឹងទំពន់ បឹងសាឡាង ទួលគោក១ (ត្រឡោកបែក) ទួលគោក២ ផ្លូវលេខ៧០ ព្រះ គន្លង់១ ព្រះគន្លង់២ ស្ថានីយ៍ផ្សារចាស់ ស្ថានីយ៍ចាក់តុមុខ ស្ថានីយ៍ស្វាយប៉ាក ស្ថានីយ៍កប់ស្រូវ ស្ថានីយ៍ទួលសំពៅ ស្ថានីយ៍បូមទឹកបុរី១០០ខ្នង និងស្ថានីយ៍លូ៥៕