សឹ្ទងត្រែង ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ដែលកំពុងរែកពុនក្នុងការចិញ្ចឹមចៅ និងកូន៥ ទៅ៦នាក់ ក្នុងបន្ទុក ត្រូវបានអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង អស់ទាំងស្រុង។
គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាព្រឹក ថ្ងៃសុក្រ ទី១៦ ខែ មីនា ឆ្នាំ២០១៨ ។ ទីតាំងផ្ទះ ដែលត្រូវអគ្គីភ័យឆាបឆេះនេះ មានចម្ងាយពីវិទ្យាល័យ សៀមប៉ាង ប្រមាណ១រយម៉ែត្រ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តសឹ្ទងត្រែង ។បើតាមការរៀបរាប់របស់ស្ត្រីមេម៉ាយវ័យចំណាស់ ដែលជាម្ចាស់ផ្ទះ ឈ្មោះ ចាន់ ស៊ីដា អាយុ ៦៤ឆ្នាំ ដែលរស់នៅភូមិឃុំខាងលើ បាននិយាយថា មុនពេលកើតហេតុនេះ គាត់បាន បង្កាត់ភ្លើង ដាំបាយ និងធ្វើម្ហូបអាហាសម្រាប់យកទៅវត្ត ហើយខណៈត្រឡប់មកដល់ផ្ទះវិញ គាត់បានបោក ខោអាវ រួចហើយអស់កម្លាំងពេក ក៍ដេកមួយភាំងរួចក្រោកពីដំណេក បានដើរទៅរកចៅនៅខាង ក្រោយផ្ទះ មួយសន្ទុះក្រោយមក ក៍លឺសូរសម្រែកមាត់អ្នកនៅជិតខាងស្រែកឡូឡាហៅគាត់ខ្លាំងៗ គាត់ក៏រត់មកដល់ឃើញភ្លើងឆេះកំពុងផ្ទះយ៉ាងខ្លាំងទៅហើយ និងមានមនុស្សអ៊ូរអរ គេជួយជះទឹក ពន្លត់ភ្លើងផ្ទះដែរ ក៍ប៉ុន្តែភ្លើងនៅតែឆាបឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងទៅៗ ប្រមាណ៧០ភាគរយ ទើបឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានខេត្តសឹ្ទងត្រែងមកដល់ ហើយ ក៍ជួយបាញ់ ទឹកពន្លត់អស់ទឹកមួយឡាន ទើបភ្លើងរលត់។
ស្ត្រីដដែល បានបន្តទៀតថា ក្នុងការឆេះផ្ទះនេះ បាត់បង់ទ្រព្យសម្បត្តិ ដូចជាមាសចំនួន២ជី និងលុយខ្មែរចំនួន៩០ម៉ឺនរៀល រីងផ្ទះត្រូវភ្លើងឆេះអស់ ទាំងស្រុង តើគាត់រំពឹងអីទៀត ខណៈគាត់មានវ័យចំណាស់ ហើយត្រូវរែកពុនក្នុងការចិញ្ចឹម កូនផង និងចៅតូចៗផង ចំនួន៥ទៅ៦នាក់ ។
មេឃុំ សេកុង ក្នុងស្រុកសៀមប៉ាង ខេត្តសឹ្ទងត្រែង លោក ចាន់ សុខា បានប្រាប់ភ្នាគ់ងារ ទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីរសៀលថ្ងៃទី១៦ ខែមីនានេះថា ករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលមានទំហំប្រមាណ៦x7ម៉ែត្រ ដំបូងប្រក់ស័ង្កសីនេះ ជារបស់ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ ដែលចិញ្ចឹមចៅ និងកូនប្រមាណ៥ទៅ៦នាក់ ខាងលើនោះ នៅមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ នៅឡើយទេ មិនដឹងថាបណ្តាលមកពីអ្វីនោះទេ។
លោក ចាន់ សុខា មេឃុំ សេកុង បានប្រាប់ថា ឲ្យតែដល់រដូវប្រាំងម្តងៗ គេសង្កេតឃើញថា ជារឿយៗតែងតែមានអគ្គីភ័យឆាបឆេះផ្ទះ របស់បងប្អូបប្រជាពលរដ្ឋ នៅតាមជាយស្រុក និងនៅ ក្នុងស្រុកសៀមប៉ាង យើងនេះ គឺឆេះអស់ចំនួន៥ខ្នង មកហើយ តែពុំមានអ្នករងរបួស ឫក៍បាត់បង់ ជីវិតនោះទេ។
លោកបានបញ្ជាក់ថា ក្នុងការឆេះផ្ទះនេះ លោកបានរាយការដល់អភិបាលស្រុកហើយ ពី ព្រោះកន្លងទៅ ឲ្យតែមានអគ្គីភ័យឆេះផ្ទះអ្នកភូមិអ្នកស្រុកម្តងៗ អាជ្ញាធរពាក់តាមមូលដ្ឋាន ស្រុក ហ្នឹង តែងតែមានអំណោយកាកបាទក្រហមក្នុងស្រុក ក្នុងនោះ ក៍មានសប្បុរសជនមកពីទីជិតឆ្ងាយ រៃអង្គាសបច្ច័យគ្នា ដើម្បីជួយដល់ជនរងគ្រោះ កន្លងមកនេះ មានអ្នកខ្លះជួយជាក្តា ជួយជាសរសរ ផ្ទះ ខ្លះទៀតជួយស័ង្កសី ថិវិកា និងគ្រឿងឧបភោគ បរិភោគ ជាដើម ៕