ភ្នំពេញ៖ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែមេសា សម្រេចលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងឪពុកម្ដាយ លោក ឧកញ៉ា ថោង សារ៉ាត់ ដោយសារតែមេធាវីរបស់អ្នកទាំងពីរ មិនមានវត្តមានក្នុងបន្ទប់សវនាការ។
ចៅក្រមជំនុំជម្រះ លោក ឆៃ ឃី ប្រកាសផ្អាកសវនាការនេះ បន្ទាប់ពីជនជាប់ចោទបានស្នើសុំ ប៉ុន្តែមិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់សវនាការលើកក្រោយនៅឡើយ។
បច្ចុប្បន្នឪពុកម្ដាយរបស់ លោក ថោង សារ៉ាត់ គឺលោក ថោង ចំរើន និង អ្នកស្រី កែវ សាវី ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងពន្ធនាគារព្រៃស ពីបទលាក់ទុកអាវុធខុសច្បាប់។ អាជ្ញាធរបានរកឃើញអាវុធមួយចំនួននៅក្នុងផ្ទះរបស់អ្នកទាំង២ នៅពេលឆេកឆេររកវត្ថុតាងពាក់ព័ន្ធនានា ក្នុងសំណុំរឿងឃាតកម្មលើ លោក ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលសង្ស័យថា លោក ថោង សារ៉ាត់ ជាមេក្លោង។
កាលពីពេលថ្មីៗកន្លងទៅ អ្នកទាំងពីរធ្លាប់ត្រូវគេដោះលែងអោយនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែត្រូវចាប់ឃុំខ្លួនឡើងវិញនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយរឿងពុករលួយរបស់ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលសំណូកពីប្ដីប្រពន្ធជនជាតិវៀតណាមនេះ និងស្នើឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស៊ើបអង្កេតលើសំណុំរឿងនេះឡើងវិញ៕rfa/
ឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ ថ្លែងប្រាប់អ្នកកាសែតក្រោយការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤។