កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ចាមកាលពីថ្ងៃម្សិលមិញ ដោយមានវត្តមានចូលរួមពីលោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ នាឬទ្ធិ អភិបាលរងខេត្តបាន អោយដឹងថា គ្រោះមហន្តរាយឆ្នាំ២០១៧កន្លងទៅនេះ ខេត្តកំពង់ចាមមានមនុស្សស្លាប់ចំនួន ១៤នាក់ រួមនិងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បតិ្ត និងផលដំណាំរបស់ ប្រជាពលរដ្ឋមួយចំនួនទៀត។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០១៧
កន្លងទៅខេត្តមួយចំនួនបានទទួលរងនូវគ្រោះធម្មជាតិមាន៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកហេដ្ឋា
រចនាសម្ព័ន្ធ ដំណាំស្រូវ ដំណាំរួមផ្សំ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ជីវិតមនុស្ស និងជីវិតសត្វ អស់ជាច្រើន ហើយថា ការអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋអោយទាន់ពេលវេលា និងមានប្រសិទ្ធភាពនោះ តាមបណ្ដាខេត្តត្រូវមានផែនការត្រៀមទុកជាមុន ដោយមានកិច្ច សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការជាដៃគូនានា។
លោកបានបន្តថា កម្ពុជាមានច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដែលច្បាប់នេះ បង្កើតអោយមានយន្ដការ និងរចនាសម្ព័ន្ធនៃគ្រប់គ្រងគ្រោះមហន្ដរាយចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ក្នុងគោលបំណងធ្វើយ៉ាងណាអោយមានការអនុវត្តប្រកបដោយ
ប្រសិទ្ធភាព ក្នុងនោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាសេនាធិការអោយរាជរដ្ឋាភិបាល បានបង្កើន និងពង្រឹង ពង្រីក យន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដោយកំណត់ការរៀបចំ និងការប្រព្រឹត្តទៅរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៏ ទាំងការចែក រំលែកព័ត៍មាន ចំណេះដឹង ដោយផ្សារភ្ជាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុស្របតាមគោលការណ៍ច្បាប់៕