ភ្នំពេញ ៖ មន្ត្រីរាជការទាំងអស់នឹងត្រូវបានដំឡើងប្រាក់បៀវត្សរ៍ ហើយអាចបើកបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នេះ គ្រប់ៗគ្នា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រជូន គរុនិស្សិត-សិស្ស នៃវិទ្យាស្ថានជាតិអប់អប់រំថា កាលពីថ្ងៃទី២២ មីនា នេះ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ចាក់ថា ប្រាក់បៀវត្សរ៍មន្ត្រីរាជការស៊ីវិល នឹងឡើងដល់ ៨៥៣.៥០០ រៀល ដោយមិនទាន់បញ្ចូលប្រាក់ផ្សេងទៀត។ ចំពោះគ្រូបង្រៀន ដែលមានប្រាក់បៀវត្សចាស់ គឺ៨០០.៥០០រៀល ដោយគិតត្រឹមខែមករា កន្លងទៅនេះ ឡើងដល់ ៨៥.០៥០រៀល នេះគឺជាប្រាក់ខែទាបបំផុត ហើយមកដល់ខែមេសា ខាងមុខនេះនឹងឡើងដល់៩៥៣.៥០០រៀល។ ដូច្នេះ ប្រាក់ខែគ្រូបង្រៀននឹងកើនជាង១៥ម៉ឺនរៀល ហើយនៅបូកបញ្ចូលប្រាក់តំបន់ចំនួន ៨ម៉ឺន ទៅដល់១០ម៉ឺន រៀល បន្ថែមទៀត។
ដោយឡែក មន្ត្រីនគរបាលជាតិថ្នាក់ពលបាលត្រី វិញ ប្រាក់បៀវត្សកើនដល់៩៣០.៩៧៧រៀល ដោយគិតទាំងរបបអង្ករ។ ចំណែកឯខាងកងទ័ពថ្នាក់ពលទោ វិញ នឹងឡើងដល់៨៨០.៩៧៧រៀល ដោយមិនគិតរបបអង្ករនោះទេ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានអំពាវនាវទៅដល់មន្ត្រីរាជការទាំងអស់ផងដែរថា សូមកុំច្រណែននឹងគ្រូបង្រៀន និងគ្រូពេទ្យដែលមានប្រាក់បៀវត្សរ៍ខ្ពស់ជាង ពីព្រោះថា ទាំងពីរវិស័យនេះ ពិតជាសំខាន់ខ្លាំងណាស់។ សម្ដេចតេជោ លើកឡើងថា មិនថាមន្ត្រីរាជការ ឬផ្នែកកងកម្លាំងប្រដាប់អាវុធ និងផ្នែកដទៃទៀតមិនត្រូវច្រណែនជាមួយនឹងគ្រូបង្រៀន និងគ្រូពេទ្យទេ ព្រោះមិនថាកងកម្លាំងប្រដាប់អាវុធក្ដី មន្ត្រីរាជការក្ដី ពេលមានកូនរបស់គាត់ ចៅរបស់គាត់សុទ្ធត្រូវការគ្រូបង្រៀន និងគ្រូពេទ្យទាំងអស់៕