ខេត្តព្រះសីហនុ ៖ បន្ទាប់ពីរមានការ ភ្លៀងធា្លក់កក់ខែ មួយមេធំនៅក្រុង ព្រះសីហនុ កាលពីយប់ថ្ងៃទី២២ ខែមីនា នេះ ផ្ទះប្រជាពលរដ្ឋច្រើន កន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀងដែលបណ្តាលមកពីក្រុមហ៊ុនឯកជនមួយចំនួនដឹកដីចាក់លុបប្រព័ន្ធផ្លូវទឹក អូរ លូ ប្រឡាយ និងត្រពាំង។
ក្រុមគណៈកម្មការជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តដឹកនាំដោយ លោក សន កុសល អភិបាលរងនៃអភិបាលក្រុងព្រះសីហនុ បានចុះធ្វើការត្រួតពិនិត្យនៃការលិចលងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ហើយលោកបានទទួលបញ្ជាពីរដ្ឋបាលក្រុង និងខេត្តព្រះសីហនុ អោយគ្រឿងចក្រ ទាំងនោះ ប្រញាប់ប្រញាលកាយប្រឡាយដើម្បី សង្គ្រោះការលិចលង់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនេះជាបន្ទាន់។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក សន កុសល អភិបាលរងក្រុង ព្រះសីហនុ លោក បានមានប្រសាសន៍ថា កន្លងមកអាជ្ញាធរក្រុងបានប្រជុំ រៀបចំជាគណៈកម្មការមួយដែលមានគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យអំពីផលប៉ះពាល់ដែលក្រុមហ៊ុនឯកជនពុះដីឡូលក់មួយចំនួនដែលបានដឹកដីចាក់លុបប្រព័ន្ធផ្លូវទឹក អូរ។
លូ ប្រឡាយ និង ត្រពាំង ទាំងនេះ។ លោកថា ក្រោមការចង្អុលបង្ហាពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និង លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរកំពុងមានចំណាត់ការក្តៅគគុកបញ្ជា អោយម្ចាស់ការដ្ឋាន សំណង់ ត្រូវតែ កាយប្រឡាយបើកផ្លូវទឹកនៅទីកន្លែងនេះឡើងវិញបើមិនដូច្នេះទេគឺត្រូវបញ្ឈប់រាល់ការចាក់ដីរបស់ម្ចាស់ការដ្ឋាននេះ។
ទាក់ទិននិងរឿងនេះដែរ បងប្រុស ម្នាក់ឈ្មោះ សំណាង ដែលជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ សំនូមពរអោយម្ចាស់ក្រុម ហ៊ុន ទិញដីពុះឡូត៍ លក់នៅ ក្នុងខេត្តព្រះសីហនុទាំងអស់ មុននឹងដឹកដី ចាក់លុប ប្រព័ន្ធ ផ្លូវទឹក អូរ លូ ប្រឡាយ និង ត្រពាំង មេត្តាសិក្សាពីផលប៉ះពាល់ដល់ ប្រយោជន៍ អ្នកដ៏ទៃផង។
បើទោះជាយ៉ាងនេះក្តី លោក សន កុសល ប្រធានក្រុមការងារ លោក សូមសំនូមពរដល់ ម្ចាស់ការរដ្ឋាននិង ម្ចាស់ក្រុមហ៊ុនវិនិយោគទាំងអស់ ដែលមានដីជាប់ស្ទឹង ជាប់ បឹងត្រពាំងជាប់អូរ ប្រឡាយ ព្រែក និង ជាប់ផ្លូវសាធារណៈរបស់រដ្ឋ កុំរំលោភ ការចាក់ដីលុប និងការសាងសង់សំណង់លើដីសាធារណៈរបស់រដ្ឋចាប់ពីពេលនេះតទៅព្រោះកុំអោយមានការកកស្ទះតទៅទៀត។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៨ ខណៈដែល លោក សន កុសល ដឹកនាំក្រុមគណៈកម្មការជំនាញគ្រប់ស្ថាប័នចុះទៅត្រួតពិនិត្យ ការលិចលង់ដោយជំនន់ទឹកភ្លៀវផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ៕