ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានាពេលបច្ចប្បន្ន ពោរពេញដោយស្នាមញញឹម សន្តិភាពនិងការរស់ឡើងវិញរបស់កម្ពុជា ដែលខុសពីកាលពី៣៥ឆ្នាំមុន កម្ពុជា ពោរពេញទៅដោយសង្គ្រាម និងជាសមរភូមិប្រយុទ្ឋ ប៉ុន្ដែនៅពេលនេះកម្ពុជាបានក្លាយទៅជាកន្លែងជួបជុំគ្នាគ្រប់ជាតិសាសន៍ បង្ហាញនូវវប្បធម៌សន្តិភាព និងក្លាយទៅជាកន្លែងសន្តិភាព មិត្តភាពធ្វើឱ្យពិភពលោកក្លាយទៅជាពិភពលោកយើងទាំងអស់គ្នា។
បណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍បែបនេះ ទៅកាន់អ្នកចូលរួមប្រមាណជា៥០០នាក់មកពីជាង១០០ប្រទេស នៅក្នុងឱកាសបិទ ទិវាចម្លាក់ឈើពិភពលោកឆ្នាំ២០១៨ នៅខេត្តសៀមរាបនៅរាត្រីថ្ងៃទី២៥ខែមីនាឆ្នាំ២០១៨នេះ។
លោកបានបន្ដថា ស្នាមញញឹមរបស់កម្ពុជានៅពេលនេះមិនមែនស្នាមញញឹមដូចនៅលើផ្ទាំងថ្មទៀតទេ គឺជាញញឹមប្រកបដោយសុខសន្តិភាពនិងក្តីស្រឡាញ់ ហើយកម្ពុជាមិនក៏មិនត្រូវការសង្គ្រាមទៀតដែរ ហើយថាកម្ពុជាពិតជាមានសន្តិភាព បើគ្មានសន្តិភាពទេ មិនអាចមកជួបជុំគ្នាធ្វើទិវាចម្លាក់ពិពណ៌អន្ដរជាតិនៅកម្ពុជាបាននោះទេ ។
លោក បានថ្លែងអំណរគុណដល់ អង្គការសង្គមវប្បធម៌ឈើអន្តរជាតិ ដែលហៅកាត់ថា ( IWCS ) អង្គការសហព័ន្ធអន្តរជាតិនៃការស្រាវជ្រាវផ្នែករុក្ខកម្ម ( IUFOR ) និងមូលនិធិទិវាចម្លាក់ឈើពិភពលោក ( WWDF ) ដែលបានជួយឱ្យការបង្ហាញនូវស្នាដៃដ៏វិចិត្ររបស់ខ្លួនស្តីការប្រើប្រាស់ចម្លាក់លើឈើបានទទួលលទ្ឋផលល្អនិងជោគជ័យ និងក្រុមតន្ដ្រីករ សិល្បកររាប់រយនាក់ផងដែរ។
លោក សុខ ទូច មានប្រសាសន៍បន្ថែមថា អ្នកនយោបាយអាចបង្កើតព្រំដែននយោបាយបាន ប៉ុន្តែ អ្នកសិល្បៈ វប្បធម៌ និងចម្លាក់គឺគ្មានព្រំដែនទេ ដែលថា គ្រប់ចម្លាក់ទាំងអស់ បានផ្តោតនិងបង្កប់នូវទស្សនវិជ្ជាបី គឺជីវិត ធម្មជាតិ និងការបន្តវេន។
លោកពន្យល់ថា ជិវិតមនុស្សពេលដែលស្លាប់គេនាំគ្នាភ័យនិងខ្លាច តែបើដើមឈើបើស្លាប់វិញគេអាចយកវាមកច្នៃជាគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ផ្សេងៗ តាមរយៈភាពប៉ិនប្រសព្វនៃជាងចម្លាក់ មានន័យថា ឈើនិងព្រៃឈើគឺជាជិវិតរបស់មនុស្សនៅលើភពផែនដី គ្មានឈើគឺគ្មានជីវិត ហេតុនេះ យើងត្រូវនាំគ្នាស្រឡាញ់និងថែរក្សាព្រៃឈើ៕