ភ្នំពេញ ៖ សភាប្រទេសម៉ារ៉ុកបានបង្ហាញពីឆន្ទៈជាផ្លូវការមុនគេ នៅក្នុងការចូលរួមកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF ដែលសភាកម្ពុជានឹងធ្វើជា ម្ចាស់ផ្ទះនៅដើមឆ្នាំ២០១៩ ខាងមុខនេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២រដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អាប់ឌឺលីឡាស់ អែល ហ៊ូសនី ឯកអគ្គរាជទូតព្រះរាជាណាចក្រម៉ារ៉ុក ប្រចាំនៅកម្ពុជា បានស្នើសុំដល់រដ្ឋសភាកម្ពុជាចេញ លិខិតអញ្ជើញជាផ្លូវការចំពោះប្រធានរដ្ឋសភាម៉ារ៉ុក ក្នុងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ នាពេលខាងមុននេះ។
ឯកអគ្គរាជទូតបានបញ្ជក់ថា ប្រធានរដ្ឋសភា ម៉ារ៉ុកត្រៀមដឹកនាំគណៈប្រតិភូសភាមកចូលរួមកិច្ចប្រជុំនោះ ហើយនឹងភ្ជាប់ជាមួយដំណើរ ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជាតែម្តងនៅដើមឆ្នាំ២០១៩។ លោក អាប់ឌឺលីឡាស់ អែលហ៊ូសនី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រម៉ារ៉ុក ដែលជាទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ជា ពិសេសដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទៅកាន់ព្រះរាជាណា ចក្រម៉ារ៉ុកកាលពីឆ្នាំ២០១៤បានធ្វើឲ្យទំនាក់ទំនងមិត្តភាព និងចំណងការទូតដ៏ល្អនៃប្រទេស ទាំងពីរដែលមានស្រាប់កាន់តែរឹងមាំឡើង។ លោកទូតបានស្នើដល់រដ្ឋសភាកម្ពុជាជួយឲ្យ គាំទ្រប្រទេសម៉ារ៉ុកជាភ្ញៀវនៅក្នុងមហាសន្និបាតប្រចាំឆ្នាំអន្តរសភាអាស៊ាន(AIPA) នៅខែ កញ្ញាខាងមុខនេះដែលប្រទេសសឹង្ហបុរីធ្វើជាម្ចាស់ផ្ទះ។
លោកបណ្ឌិត ងួន ញ៉ិល បានស្វាគមន៍ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ម៉ារ៉ុក។ ចំពោះសំណើទាំងពីរខាងលើ របស់ប្រទេសម៉ារ៉ុកសភាកម្ពុជាទទួលយក ដោយឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា នឹង ពាំនាំសំណើនេះ ទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា។ លោកអនុប្រធានទី២រដ្ឋសភា បានលើកឡើងថា សភានៃព្រះរាជាណាចក្រកម្ពុជានឹងស្វាគមន៍យ៉ាងកក់ក្តៅ និងមានមោទន ភាពយ៉ាងក្រៃលែងចំពោះវត្តមានចូលរួមពីបណ្តាប្រទេសជាមិត្តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាដើមឆ្នាំ២០១៩។
សូមជម្រាបថា សភានៃព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ប្រចាំឆាំ្ននៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងខែមករា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្ត សៀមរាប។ បច្ចុប្បន្ននេះសភាកម្ពុជាបានកំពុងត្រៀមរៀបចំការងារសំខាន់ៗមួយចំនួន សម្រាប់ដំណើរការកិច្ចប្រជុំនោះដូចជា ការងារឯកសារ ខ្លឹមសារនៃកិច្ចប្រជុំជាដើម។ ដោយ ឡែកចំពោះការចេញលិខិតអញ្ជើញបណ្តាប្រទេសនានាមកចូលរួមកិច្ចប្រជុំនេះ នៅមិនទាន់ ដល់ពេលនោះទេ ហើយចំពោះការស្នើសុំរបស់ប្រទេសម៉ារ៉ុកនាពេលនេះគឺជាសំណើទី១ នៃប្រទេសជាមិត្ត ដែលបានបង្ហាញឆន្ទៈក្នុងការចូលរួមកិច្ចប្រជុំ APPF ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ៕