នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​បង្ហាញ មុខសញ្ញា​កាច់​សោ​រក​ម៉ូតូ​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

បាត់ដំបង​: ជនសង្ស័យ​ជា​មុខសញ្ញា​កាច់​សោ​រក​ម៉ូតូ​យ៉ាងសកម្ម​ក្នុង​ខេត្តបាត់ដំបង ប៉ៃលិន និង​សៀមរាប ចំនួន​៣​នាក់​ត្រូវបាន​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​បង្ហាញមុខ​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​បានអោយដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​រួមមាន​៖
ទី​១ ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
ទី​២ ឈ្មោះ ឡាំ សុភ័ក្ត្រ ហៅ ឡូយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ទាំងពីរ​នាក់​បងប្អូនរ​ស់​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្តកំពត​
ទី​៣ ឈ្មោះ ភឹម ពៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ពោន ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​សោរ​ម៉ូតូ​ម៉ាក​ហុងដា​ចំនួន​៣ -​សោរ​សម្រាប់​កាច់​សោរ​ម៉ូតូ​ចំនួន​៧ -​សោរ​រាង​អក្សរ​T​សម្រាប់​កាច់​សោរ​ម៉ូតូ​ចំនួន​១ -​សោរ​សម្រាប់​ដោះ​ស្លាក​លេខ​ចំនួន​២ -​ស្លាក​លេខ​ម៉ូតូ​ចំនួន​២ -​និង​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​ចំនួន​១​គ្រឿង​។​
លោក​បន្ត​បញ្ជាក់ថា​៖​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​បង្ការ​បង្ក្រាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​កាលពី​រសៀល​
ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ខ​ណះ​ដែល​ពួកគេ​ធ្វើដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​ក្រុងភ្នំពេញ​ឆ្ពោះ​មកកាន់​ខេត្តបាត់ដំបង​។​
លោក​បាន​បន្តទៀតថា​៖​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​យកមក​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​គឺជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ ហើយ​ក្រោយមក​ក៏បាន​នាំគ្នា​ជិះ​រថយន្ត​និង​ម៉ូតូ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​បាន​៩​ករណី​ទៅលើ​ខេត្ត​ចំនួន​៣ ក្នុងនោះ ខេត្តសៀមរាប​១​ករណី ខេត្ត​ប៉ៃលិន​១​ករណី និង​ខេត្តបាត់ដំបង​៧​ករណី​៕ សុផល​