ភ្នំពេញ ៖ ជនត្រូវចោទ កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នឹងបង្ហាញខ្លួនម្តងទៀត នៅសភាស៊ើបសួរសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ស្អែកនេះ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្និដ្ឋិភាពជាមួយបរទេស។ នេះជាការបង្ហាញវត្តមានលើកទី២ ហើយនៅសាលាឧទ្ធរណ៍ ។
ទំព័រ Facebook របស់លោក កឹម សុខា នៅព្រឹកថ្ងៃទី២៦ ខែមីនា បានសរសេរថា លេាក កឹម សុខា នឹងមានវត្តមានចូលរួមនៅក្នុងសវនការ នៅថ្ងៃអង្គារ ទី២៧ខែមីនានៅម៉ោង០៨ព្រឹកនៅសាលាឧទ្ធរណ៍លើបណ្តឹងសាទុក្ខស្តីពីការបន្តឃុំខ្លួនរូបលេាក។
លោក សំ សុគង់ មេធាវី លោក កឹម សុខា បញ្ជាក់ថាសវនាការនេះមានកម្មវត្ថុ ប្តឹងប្រឆាំងនឹងដីកា របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបន្តពន្យារពេលឃុំខ្លួនលោក កឹម សុខា ៦ខែទៀត ។
រំលឹកថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ ដល់៣០ឆ្នាំ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ៕