សៀមរាប ៖ អគ្គស្នងការរងនគបាលជាតិ បានថ្លែងថា កងកម្លាំងសមត្ថកិច្ចចំរុះរាប់ពាន់នាក់នឹងដាក់ពង្រាយការពារសន្ដិសុខ និងសុវត្ថិភាពនៃកិច្ចប្រជុំកំពូលគណៈកម្មាការទន្លេមេគង្គលើកទី៣ ដែលធ្វើឡើងនៅខេត្ដសៀមរាប រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី០២ដល់ថ្ងៃទី០៥ខែមេសាឆ្នាំ២០១៨ខាងមុខនេះ។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំដាក់ផែនការដល់មន្ដ្រីសមត្ថកិច្ចនៅខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។ លោកមានប្រសាសន៍ថា កិច្ចប្រជុំទន្លេមេគង្គលើកទី៣ ដែលធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ខាងមុខ នឹងដាក់កម្លាំងសមត្ថកិច្ចចំរុះរាប់ពាន់នាក់ ដើម្បីការពារសន្ដិសុខ សុត្ថិភាពដល់ភ្ញៀវកិត្ដិយស ។ ជាមួយគ្នានោះ លោកបានណែនាំដល់មន្ដ្រីសមត្ថកិច្ចចូលរួមកិច្ចប្រជុំ ដោយធ្វើយ៉ាងណារក្សាអោយបាននូវសន្ដិសុខនិងសុវត្ថិភាពដល់គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំទន្លេមេគង្គនាពេលខាងមុខនេះ។
លោក ទូច ណារ៉ុថ បានមានប្រសាសន៍ទៀតថា យើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង ការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ក្នុងកិច្ចប្រជុំទន្លេមេគង្គនេះឲ្យបានជោគជ័យ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ត្រូវត្រួតពិនិត្យមើល លើការប្រើប្រាស់អគ្គិសនី កន្លែងស្នាក់នៅ កន្លែងគណៈប្រតិភូទៅទស្សនារមណីដ្ឋានផ្សេងៗ និងការធ្វើម្ហូបអាហារនៅកន្លែងសណ្ឋាគារ ដែលភ្ញៀវកិត្ដិយសស្នាក់នៅព្រមទាំងត្រូតពិនិត្យលើតាមដងផ្លូវនានា និងត្រូវចាត់តាំងអោយមានមន្ត្រីសុខាភិបាលរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ បង្ការអគ្គីភ័យកើតឡើង ជាយថាហេតុ ពិសេសកម្លាំងនគរបាលតាមខេត្ដស្រុក-ក្រុង ហើយក៏ត្រូវធានាថាមិនមានចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ។
សូមជម្រាបថា កិច្ចប្រជុំទន្លេមេគង្គលើកទី៣ និងកម្មវិធីសន្និសីទអន្ដរជាតិ ចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមេសា ខាងមុខ នៅខេត្ដសៀមរាប ក្រោមប្រធានបទ«ទន្លេមេគង្គតែមួយ ស្មារតីតែមួយ »ការលើកកំពស់ការខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូរ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ» ដែលមានវត្ដមានសម្ដេចសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងមាននាយករដ្ឋមន្ដ្រីប្រទេសផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនិងទន្លេមេគង្គ៕