អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​មួយ​រវាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ កាលពី​ថ្ងៃទី ២៨ មីនា ២០១៨​នេះ លោក អ៊ី​ន​ហ្គោ ខាស​ស្តេ​ន ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​ប្រទេស​កម្ពុជា បាន​អញ្ជើញលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ប្រចាំ អាស៊ី ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូ​នេ​សា នៅ​ខែវិច្ឆិកា ២០១៨ ខាងមុខនេះ ។

​លោក​អគ្គរដ្ឋទូត​អាល្លឺម៉ង់ បានអោយដឹងថា កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ គឺមាន​ការចូលរួម​ពី​ធុរជន​កំពូលៗ និង​ក្រុមហ៊ុន​ធំៗ របស់​អាល្លឺម៉ង់ ដូចនេះ វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​របស់ខ្លួន ជាពិសេស​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ទៅកាន់​ធុរជន​អាល្លឺម៉ង់​ជាច្រើន​ទៀត​ដែល​មិន​ទាល់​យល់ច្បាស់​ពី​កម្ពុជា ។ ជាពិសេស​នោះ វា​ជា​ឱកាស​ដែល​អនុញ្ញាតអោយ​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​កម្ពុជា និង អាល្លឺម៉ង់ ជួប​ជជែក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ផងដែរ ។

ជា​កិច្ច​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ លោក​រដ្ឋមន្ត្រី​ក៏បាន​ទទួលយក​ការអញ្ជើញ​នេះ ដោយ​ឯកឧត្តម​យល់ថា​សន្និសីទ​នេះ មាន​សក្ដានុពល​ច្រើន​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​អាល្លឺម៉ង់​មក​កម្ពុជា​។ លោក​បន្តទៀតថា ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​ក្នុង​ពិភពលោក និង​មាន​ក្រុន​ហ៊ុន​ដែលមាន​បច្ចេកទេស​ខ្ពស់​ជាច្រើន​ផងដែរ ដូចនេះ​នៅក្នុង​សន្និសីទ​នេះ ឯកឧត្តម​រំពឹងថា​នឹង​បាន​ជួប​ធុរជន​កំពូល​នៃ​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ពិភាក្សា​លើ​ការវិនិយោគ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​វិស័យ​អាទិភាព​មួយចំនួន​ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​អាច​ចាប់អារម្មណ៍ ដូចជា​វា​រី​អគ្គិសនី គ្រឿង​បង្គុំ​រថយន្ត និង​កង់​រថយន្តជាដើម ៕

 

 

 

 

 

 

 

​(អាល្លឺម៉ង់​អ​ញ្ញើញ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ធុរកិច្ច​កំពូល​នៅ​ចុង​ឆ្នាំនេះ​)