វេទិកាសាធារណៈ​ក្រោម​ប្រធានបទ​«​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម និង​ទស្សនវិស័យ​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 March, 2018 ក+ ក-

 

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​វេទិកាសាធារណៈ​ក្រោម​ប្រធានបទ ’​សេដ្ឋកិច្ចកម្ពុជា សមិទ្ធកម្ម​និង​ទស្សនវិស័យ​”​។ វេទិកាសាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម តំណាង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​, ដៃគូ​អភិវឌ្ឍន៍​, សង្គម​ស៊ីវិល​, ស្ថាប័ន​ស្រាវជ្រាវ​, គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា​, វិស័យ​ឯកជន ព្រមទាំង​អ្នកសិក្សា​ស្រាវជ្រាវ​ជាច្រើន​នាក់​។

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​វេទិកាសាធារណៈ​នេះ គឺ​ដើម្បី​ធ្វើការ​ចែករំលែក​នូវ​ព័ត៌មាន​ដល់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​បាន​ជ្រាប និង​ស្វែងយល់​អំពី ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ពិសេស​ការគ្រប់គ្រង​សេដ្ឋកិច្ចជាតិ និង​សមិទ្ធកម្ម​ខាង​ផ្នែក សេដ្ឋកិច្ច​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​សម្រេចបាន​នៅក្នុង​រយៈកាល​កន្លងមក​ក៏ដូចជា​ទស្សនវិស័យ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​ទៅ​ថ្ងៃមុខ ក្នុង​នីតិកាល​បន្ទាប់​ទៀត ដើម្បី​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា ទាំង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក ក៏ដូចជា​ការពង្រឹង​មូលដ្ឋាន​នៃ​កំណើនសេដ្ឋកិច្ច ហើយ​ទ្រទ្រង់​កំណើន​នេះ​ឱ្យ​កាន់តែ​រឹងមាំ រួច​ធ្វើការ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​នេះ​មកវិញ ឱ្យ​កាន់តែ​ប្រសើរឡើង​, កាន់​តែមាន​សមធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ដើម្បី​ធ្វើ​ពួកគាត់​កាន់តែ​មាន ជីវភាព​ធូរធារ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្នុង​គោលដៅ​ឆ្ពោះ​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​​

លោក វ​ង្សី វិស្សុត មានប្រសាសន៍ថា ជារួម កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ភាព រឹងមាំ​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ហើយ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​កំណើនសេដ្ឋកិច្ច​ជាង​ពីរ​ទសវត្ស​មកនេះ​គ្រប់ៗ​គ្នា តាមរយៈ​ឱកាស​ទទួលបាន​នូវ​ប្រាក់ចំណូល ការងារ​ធ្វើ​,​ការកាត់បន្ថយ​ភាពក្រីក្រ និង​សេវាសាធារណៈ​គ្រប់​ប្រភេទ​ពីរ​ដ្ឋ រួមទាំង​សេវា​ខាង​ផ្នែក​សង្គម​ផ្សេងៗ ព្រមទាំង​កាន់តែ​ធ្វើឱ្យ​វិសមភាព​នៅក្នុង​សង្គម​កាន់​តែ​រួម​តូច​ផងដែរ​។

ក៏ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​កម្ពុ​ជាស​ព្វ​ថ្ងៃនេះ នឹង​មិនអាច​ទ្រទ្រង់​នូវ​ការ សម្រេចបាន​កំណើន​ក្នុង​រង្វង់​៧% នៅក្នុង​រយៈពេល​ពី ៥​ឆ្នាំ ទៅ​១០​ឆ្នាំ ខាងមុខ​ទៀត​បាន​នោះទេ ប្រើ​សិន​យើង​មិនមាន​ការគិតគូរ​អំពី​ការកែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដើម្បី​កសាង​មូលដ្ឋាន​មួយ ដែល​ទ្រទ្រង់​ដល់​ការផ្លាស់ប្ដូរ​ជា​រចនាសម្ព័ន្ធ​។ លោក​បាន​គូសបញ្ជាក់ថា ជារួម ក្រៅពី​ការ សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​រាប់មិនអស់​ជូន​ដល់​ប្រទេសជាតិ និង​ប្រជាជន​។

ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​គិតគូរ និង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាច្រើន​ស្ទើរ​គ្រប់​វិស័យ​សម្រាប់​ជា​ចក្ខុវិស័យ និង​តម្រង់ទិស​ការអភិវឌ្ឍ​ប្រទេស​ទៅ​ថ្ងៃមុខ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ជា​បន្តទៀត​៕