សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានជុំរុញអោយសមត្ថកិច្ច ខេត្ដសៀមរាប អោយដាក់ទោសលើអ្នកលួចដាប់ថ្មលិង្គព្រះឥសូរ នៅបាតទឹកស្ទឹងលើកភ្នំគូលេន បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យពីរនាក់កាលពីម្សិលមិញ។
ប្រធានយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល អោយដឹងនៅថ្ងៃនេះថា កាលពីម្សិលមិញ សមត្ថកិច្ចខេត្ដសៀមរាប បានឃាត់ខ្លួន បុរសពីរនាក់ បន្ទាប់ពីលួចដាប់ថ្មលឹង្គព្រះឥសូរនៅបាតស្ទឹងលឹង្គមួយពាន់ នៅលើភ្នំគូលេន កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨នេះ។លោកបានបន្ដថា លឹង្គព្រះឥសួរនោះធ្វើពីថ្មភូកចំនួន៦ ប៉ុន្ដែជនសង្ស័យនោះ បានដាប់យកចេញពីកន្លែងចំនួន៣ដុំ ខណៈបីដុំទៀតទុកនៅកន្លែង។
លោកបន្ដថា ថ្មលិង្គព្រះឥសូរដែលពួកគេលួចដាប់បានបាត់ខ្ចាត់ខ្ចាយ មិនអាចផ្គុំដូចដើមបាននោះទេព្រោះវាជាកំទេចកំទី ដែលជនសង្ស័យយកទៅបោះចោលអស់។
ស្នងការនគបាលខេត្ដសៀមរាបលោក ទិត្យ ណារ៉ុង មានប្រសាសន៍ថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរ នឹងបញ្ជូនទៅតុលាការ ដោយថា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សេចក្ដីជួនដំណឹងរបស់អាជ្ញាធរជាតិអប្សរា អោយដឹងថា កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៨នេះ លិង្គព្រះឥសូរធ្វើពីថ្មភួកចំនួន៦ នៅបាតស្ទឹងលឹង្គមួយពាន់លើភ្នំគូលេន ត្រូវបានគេលួចដាប់យកចេញចំនួន៣ និង៣ទៀតមិនទាន់ដាច់ចេញពីជើងទម្រ។
លិខិតបានលើកឡើងថា ករណីនេះ ជាចេតនាបំផ្លិចបំផ្លាញសម្បត្ដិបេតិកភណ្ឌជាតិ ដោយថា សមត្ថកិច្ចត្រូវចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែង៕