ដេញ​បាញ់​ឡាន​ដឹក​ក្តារបន្ទះ​ដែល​មិន​ព្រម​បង់លុយ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​៣​នាក់ និង​របួស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ខេត្ត​ត្បូងឃ្មុំ ៖ ស្នូរ​អាវុធ​បាន​ផ្ទុះ​១​គ្រាប់​នៅត្រង់ចំណុច​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​បន្ត​គ្នា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ និង​របួស​៤​នាក់​។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​១៥​នាទី ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ និង​របួស​៤​នាក់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​បន្ទាប់ពី​បាន​ស៊ើបសួរ​នៅ​កន្លែងកើតហេតុ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ឈឹម គឹមហុង ស្នងការរង នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​បញ្ជាក់ថា រថយន្ត​សាំង​យ៉ុង​១​គ្រឿង មាន​ដឹកឈើ​អារ​បន្ទះ ហើយ​មិនបាន​បង់លុយ​ឲ្យ​អង្គភាព​មួយ ហើយ​ក៏មាន​រថយន្ត​១​គ្រឿង បាន​បើក​ប្រដេញ​រថយន្ត​ដឹកឈើ តាម​ពី​ខាងក្រោយ ព្រមទាំង​បាញ់​១​គ្រាប់ គ្រានោះ​ក៏​ស្រាប់​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយ សារ​មាន​រថយន្ត​ដឹក​លាមក​គោមួយ​គ្រឿង​ទៅបុក​រថយន្ត​ដឹកឈើ​នោះ និង​បាន​បុក​រះ​បន្តទៅ​រថយន្ត ដឹក​ពង​ទារ​មួយគ្រឿង​ទៀត​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវថ្នល់​ជាតិ​លេខ​៨ តែម្តង ។​

​លោក​ស្នងការរង​នគរបាល​ខេត្ត​រូបនេះ​បន្តថា រថយន្ត​ម៉ាក​សាំង​យ៉ុង​ពណ៌ ស ដឹកឈើ​មិន មាន ពាក់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ណន ម៉ោង ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ស្លា ឃុំ​ទ​ន្លូ​ង ស្រុក មេមត់ (​របួសធ្ងន់ ) ដោយមាន​អ្នករួមដំណើរ​២​នាក់​ទៀត ក្នុងនោះ ១-​ឈ្មោះ ពេជ្រ ភា​រុណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ ) ២-​ឈ្មោះ វ៉េ​ត ឌី​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជា មួយ គ្នា រង​របស់​ធ្ងន់ និង​បាន​បង្ក​ជាមួយ នឹង​រថយន្ត​ទី​តាន់​ពណ៌​ស​ពាក់ ស្លាក​លេខ​ភ្នំពេញ 2M-2984 បើកបរ​ដោយ​ឈ្មោះ ឪ​ក លន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​សេរី​សុខា ឃុំ​ក្រែក ស្រុក​ពញា ក្រែក ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់ ) មាន​ដឹក​មនុស្ស​០២​នាក់ មាន ១-​ឈ្មោះ សុ​ត សម្បត្តិ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​(​របួសស្រាល ) ២-​ឈ្មោះ ឡាញ់ តុល ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។

រថយន្ត នេះ បាន​ទៅបុក​ជាមួយនឹង​រថយន្ត​សាំង​យ៉ុង​ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-9856 បើកបរ ដោយ​ឈ្មោះ ឆាយ ចន្ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ អ​ន្ទ​រ ខេត្តព្រៃវែង (​ស្លាប់​កន្លែងកើតហេតុ ) រួម​ជាមួយនិង​អ្នកជិះ​២​នាក់​ទៀត មាន​១-​ឈ្មោះ ណាក់ រ័ត្ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ (​ស្លាប់​កន្លែងកើតហេតុ ) ២-​ឈ្មោះ ឈុំ ឆុន ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​របួសធ្ងន់ )​។​

​ករណីនេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី ជំនាញ​ចុះ​ស្រាវជ្រាវ​រកមុខ​អ្នក​បាញ់បោះ ដែលជា​ដើមចម​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មាន​មនុស្ស​ស្លាប់ ចំណែក វត្ថុតាង​រួមមាន​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវបាន​ស្ទូច​រក្សា​ទុកដាក់​នៅ​បរិវេណ​ប៉ុស្តិ៍​រដ្ឋបាល​កក់ ជា​បណ្តោះអាសន្ន​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​ជា​ក្រោយ​ទៀត​៕​