ភ្នំពេញ ៖ ក្រោយការស៊ើបសួរមន្ត្រីនគរបាល៨រួប រួមទាំងលោកស្នងការរងខេត្តតាកែវផង រយៈពេល២ថ្ងៃមកនេះ ត្រូវបានសមត្ថកិច្ចទម្លាយឲ្យដឹងថា ករណីស្ដ្រីវ័យ៣៦ឆ្នាំម្នាក់ឈ្មោះ ចែវ សុវឌ្ឍនា ដែលត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះ នាក្រុងដូនកែវ នោះ មានពន្លឺបណ្ដើរៗហើយ ដែលអាចឲ្យសមត្ថកិច្ចធ្វើការសន្និដ្ឋានបានថា មែនជាអំពើអត្តឃាតនោះទេ គឺជាករណីឃាតកម្ម។
សមត្ថកិច្ច បង្ហើបឲ្យដឹងថា តាមកាផ្ទៀងផ្ទាត់ចម្លើយសារភាពដែលបានលេចចេញពីជនពាក់ព័ន្ធមួយចំនួនក្នុងចំណោមមន្ត្រីនគរបាលទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ម្នាក់ផងដែរ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នេះបានបញ្ជាក់ថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយអំពើឃាតកម្មដែលជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះម្នាក់នេះ។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា មានកូន៣នាក់ក្នុងបន្ទុក ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំមួយ ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដែលត្រូវបានដកតួនាទីពីអភិបាលខេត្តតាកែវ ឲ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ។
ការកោះហៅលោក ឡាយ ណារិទ្ធ មកសាកសួរនេះ គឺបន្ទាប់ពីលោក ឡាយ វណ្ណៈ អស់តំណែងជាអភិបាលខេត្តតាកែវ និងបន្ទាប់ពីមានករណីស្ត្រីមេម៉ាយកូនបី ឈ្មោះ ចេវ សុវឌ្ឍនា បម្រើការនៅរដ្ឋសភាជាតិ ដែលធ្វើអត្តឃាតយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិគ្រឹះមួយ នាភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ចំណែកសំបុត្រមួយច្បាប់ដែលគេដឹងថា បានបន្សល់ទុកនៅក្នុងកាបូបយួរដៃរបស់អ្នកស្រី ចេវ សុវឌ្ឍនា នោះ រហូតមកដល់ពេលនេះ មិនត្រូវបានទម្លាយឲ្យដឹងថា ស្ត្រីរងគ្រោះនាងបានសរសេរអ្វីខ្លះនោះដែរ៕
(លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ)