ភ្នំពេញ ៖ ខណៈសភាស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការសួរចម្លើយជន សង្ស័យ៥នាក់ ក្នុងនោះមានស្នងការរងខេត្តតាកែវម្នាក់ ដែលត្រូវជាបងប្រុស បង្កើតរបស់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ពាក់ព័ន្ធករណីឃាតកម្មដ៏កក្រើកសម្លាប់ ស្ត្រីវ័យ៣៦ឆ្នាំ ម្នាក់នៅក្រុងដូនកែវ ខេត្តតាកែវ នោះ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទម្លាយឲ្យដឹងថា រឿងស្ត្រី មេម៉ាយកូនបីម្នាក់ស្លាប់របៀបចងក នៅក្រុងដូនកែវ គឺជារឿងឃាតកម្ម ហើយរឿងនេះ អ្នកនៅជា មួយស្ត្រីរងគ្រោះ បានសារភាពអស់ហើយថា លោក ឡាយ វណ្ណៈ ជាអ្នកនៅពីក្រោយទង្វើនេះ។
សូមជម្រាបថានៅចុងខែមីនា នេះ អាថ៌កំបាំងនៃអត្តឃាតរបៀបចង ក របស់ស្ត្រីវ័យ៣៦ឆ្នាំ ម្នាក់នៅក្រុងដូនកែវ ត្រូចបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ក្នុងចំណោម៨ នាក់ ដែល នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បី សួរនាំជុំវិញករណីស្ត្រីម្នាក់ស្លាប់នៅក្រុងដូនកែវ ខេត្តតាកែវកាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពី ករណីស្លាប់នេះ មានហេតុផលមិនសមរម្យមួយចំនួនដែលធ្វើឲ្យសមត្ថកិច្ចបន្តស្រាវជ្រាវរហូតមក ។
បើតាម ឯ.ឧ ខៀវ សុភ័គ ដែលបញ្ជាក់នៅរសៀលថ្ងៃទី៣១ ខែមីនា នេះ បានឲ្យដឹងថារឿង នេះ មិនមាននរណាពាក់ព័ន្ធទៀតទេ គឺបញ្ចប់ត្រឹមលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្ត តាកែវ ។ លោកថា យើងមិននឹកស្មានថា គាត់ហ៊ានធ្វើបែបនេះ គាត់ឧស្សាហ៍ទៅទីនោះញឹកញាប់ …… ជា រឿងធម្មតាទេ ពីព្រោះគាត់ជាអភិបាលខេត្ត…រហូតមកទល់ពេលនេះ មិនទាន់ចាប់ខ្លួនទេ តែកម្លាំង យើងឃ្លាំមើលរហូត ពីព្រោះមិនទាន់មានដីកា……។
នាព្រលប់ថ្ងៃទី៣១ ខែមីនា នេះដែរ អតីតអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ បានសរសេរ បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដោយទទួលស្គាល់ថា លោក និងស្ត្រីរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ពិតជាមានទំនាក់ទំនងស្នេហាប្រាកដមែន ប៉ុន្តែបដិសេធថា លោក និងបងប្រុស(ឡាយ ណារិទ្ធ) មិនជាប់ពាក់ព័ន្ធនឹងការសម្លាប់ស្ត្រីរងគ្រោះនោះឡើយ។ លោកថា បើសិនជាលោក និង បងប្រុស ជាអ្នកប្រព្រឹត្ត ម្ល៉េះពេលនេះ អ្នកទាំងពីរបានគេចខ្លួនទៅក្រៅប្រទេសបាត់ទៅហើយ លោកមិនរត់ ទៅណាទេ។
លោក ឡាយ វណ្ណៈ ក៏បានសរសេររំឭកដែរថា «រូបខ្ញុំ និងប្អូនស្រី ចេវ សុវឌ្ឍនា មានទំនាក់ ទំនងស្នេហា ស្រឡាញ់គ្នាពិតប្រាកដមែនក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ! ក្រោយមក ដោយ ភរិយាខ្ញុំបានដឹង ខ្ញុំបានសុំកាត់ផ្តាច់ទំនាក់ទំនងជាមួយគាត់ ដែលធ្វើឲ្យគាត់ខឹងសម្បារនឹងខ្ញុំ រហូត ដល់គាត់គិតខ្លីធ្វើអត្តឃាតខ្លួនឯង…… ស្អែកនេះ …ខ្ញុំនៅខេត្តតាកែវ ដើម្បីចូលរួមពិធីផ្ទេរមុខ តំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវ ពីខ្ញុំឲ្យទៅឯកឧត្តម អ៊ូច ភា ដែល ជាអភិបាលថ្មីខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន…»។
សូមរំឭកថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ សពស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាសមាជិកនៃក្រុមយុវជន “ក១៥៧” និងក៏ជាអ្នកបម្រើការ ងារនៅស្ថាប័នកិច្ចការរដ្ឋសភាផងដែរ ត្រូវបានអ្នកធ្វើការងារផ្ទះប្រទះឃើញស្លាប់ របៀបចងក នៅ ក្នុងបន្ទប់ដេក ជាប់នឹងខ្សែវាំងននបង្អួច ក្នុងភូមិគ្រឹះមួយ នៅភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ភ្លាមៗ ប៉ូលិសខេត្តតាកែវ បានសន្និដ្ឋានថា ចេវ សុវឌ្ឍនា ដែលមានទំនាក់ ទំនងសេ្នហាជាមួយថ្នាក់ដឹកនាំខេត្តតាកែវ បានចងកសម្លាប់ខ្លួនដោយសារតែវិបត្តិស្នេហាត្រីកោណ ។ ប៉ុន្តែសាច់ញាតិ និងមហាជន បានដាក់ការសង្ស័យថា មិនមែនជារឿងអត្តឃាតទេ តែជារឿងឃាតកម្មសម្លាប់នាងហើយទើបយកទៅព្យួរ ក ដែលការសង្ស័យនេះ ទើបនាំឲ្យសមត្ថកិច្ចបន្តបើកការស៊ើបអង្កេតហើយឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់ខាងលើ ក្នុងចំណោមជនសង្ស័យ៨នាក់។
សូមជម្រាបថា ពាក់ព័ន្ធសំណុំរឿងសម្លាប់ស្ត្រីមេម៉ាយកូនបី នៅក្រុងដូនកែវ ខេត្តតាកែវ នេះ ត្រូវបានផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តតាកែវ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំ រឿងនេះស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកស៊ើបសួរជនសង្ស័យ ប៉ុន្តែនៅវេលា ម៉ោងជាង៦ល្ងាច ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨ នេះ ជនសង្ស័យ៥នាក់ ត្រូវបានតុលាការ រាជធានីភ្នំពេញសម្រេចបញ្ជូនជន សង្ស័យយកទៅឃុំ ខ្លួននៅក្រសួងមហាផ្ទៃជាបណ្ដោះអាសន្ន សិន រង់ចាំធ្វើការសាកសួរបន្ថែមទៀត នៅថ្ងៃបន្ទាប់ រួមមនាន ៖ ១.ឈ្មោះ ឡាយ ណារិទ្ធ ,២.ឈ្មោះ ចាន់ រី ភេទស្រី ,៣.ឈ្មោះ ជឹម វុធ (ប្តីរបស់ចាន់ រី) ជាអ្នកបម្រើនៅផ្ទះអ្នកស្រី ចេវ សុវ ឌ្ឍនា, ៤.ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោកឡាយ វណ្ណៈ និង៥.ឈ្មោះ តាក់រតនា ជាអ្នក បើកឡានឲ្យលោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ៕