តាកែវ ៖ លោក ឡាយ វណ្ណៈ ត្រូវបានចាប់ខ្លួនហើយ នៅជិតទីតាំងប្រារព្ធពិធីផ្ទេរតំណែងមួយ នៅជិតវិទ្យាល័យ ជា ស៊ីម ស្ថិតក្នុងសង្កាត់រការ ក្នុងក្រុងដូនកែវ ។ លោក ឡាយ វណ្ណៈ រួមជាមួយអង្គរក្សរបស់លោក ត្រូវបានកម្លាំងសមត្ថកិច្ចមានគ្នា៤-៥នាក់ បានឃាត់រថយន្តរបស់លោក ឡាយ វណ្ណៈ និងបានប្រគល់ដីកាចាប់ខ្លួន ហើយនាំលោក ឡាយ វណ្ណៈ មកចូលរថយន្តសមត្ថកិច្ច រួចបើកចេញទៅកាន់រាជធានីភ្នំពេញភ្លាមៗ។
មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃទី១ ខែមេសា នេះ ថា អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបតែត្រូវដកចេញពីតំណែង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ នៅម៉ោង១៥៖៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ តាមដីកាបង្គាប់ឲ្យឃាត់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្មដ៏អាថ៌កំបាំងសម្លាប់ស្រីកំណាន់របស់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ។
ក្នុងសំណុំរឿងនេះមានជនសង្ស័យចំនួនប្រាំនាក់ត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣១ខែមីនាក្នុងនោះមាន ១.ឈ្មោះ ឡាយ ណារិទ្ធ, ២.ឈ្មោះ ចាន់ រី ភេទស្រី ៣.ឈ្មោះ ជឹម វុធ (ប្តីរបស់ចាន់ រី) ជាអ្នកបម្រើនៅផ្ទះអ្នកស្រី ចេវ សុវ ឌ្ឍនា។ ៤.ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោកឡាយ វណ្ណៈ និង៥.ឈ្មោះ តាក់រតនាជាអ្នកបើកឡានឲ្យលោកឡាយ ណារិទ្ធ។
ក្នុងសំណុំរឿងនេះដែរលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ជាប់ក្នុងបទសង្ស័យឃាតកម្ម។ចំណែកមនុស្សបួននាក់ទៀតក្នុងបទល្មើសលាក់មិនរាយការណ៍។ រហូតមកដល់រសៀលថ្ងៃទី១ខែមេសា នេះ ការសាកសួររបស់តុលាការមិនទាន់បញ្ចប់នៅឡើយទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យចូលខ្លួនឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ហើយបញ្ជូនឲ្យសមត្ថកិច្ចនគរបាលយុត្តិធម៌អនុវត្តដីកានាព្រឹកថ្ងៃនេះនៅខេត្តតាកែវ ខណៈលោក ឡាយ វណ្ណៈ ដើរចេញពីពិធីផ្ទេរតំណេងប្រធានគណបក្សកម្ពុជាខេត្តតាកែវ៕