ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសផ្តល់ការធ្វើដំណើរតាមរថយន្តក្រុងមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ ពីរាជធានីទៅកាន់បណ្តាខេត្តមួយចំនួនក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសផ្តល់កាដូចំនួន២ សម្រាប់ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងមិនគិតថ្លៃពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តមួយចំនួន រួមនិងការផ្តល់ប្រាក់បន្ថែមជូនមន្ត្រីរាជការ ក្នុងឳកាស បុណ្យចូលឆ្នាំខ្មែរ ក្នុងខែមេសានេះ។
នៅក្នុងជំនួបសំណេះសំណាលលើកទី២ ជាមួយគ្រូបង្រៀន មន្ត្រីរាជការ និងបុគ្គលិកអប់រំក្នុងរាជធានីភ្នំពេញជាង៣ពាន់៤រយនាក់ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែមេសានេះ នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋកម្ពុជាអាចជិះរថយន្តក្រុងដោយមិនចាំបាច់បង់លុយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តនានាតាមផ្លូវជាតិលេខ៥ ដូចជា ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ! ដូចគ្នានេះ ការជិះរថយន្តក្រុងមិនបង់ថ្លៃនេះ ក៏ផ្តល់ជូនសម្រាប់ការធ្វើដំណើរតាមផ្លូវជាតិលេខ១ផងដែរ គឺពីភ្នំពេញ ទៅកាន់ កណ្តាល ព្រៃវែង ស្វាយរៀង ជាដើម ។
សម្តេចតេជោ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុង ចំនួន៦០ គ្រឿងរួចហើយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយមិនបង់ថ្លៃនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ បន្ថែមពីនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ បានប្រកាសដែរថា ក្នុងខែមេសានេះ លោកគ្រូអ្នកគ្រូ ក៏ដូចជា មន្ត្រីរាជការ នឹងទទួលបានការដំឡើងប្រាក់ខែម្តងទៀត ដែលនឹងត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបន្ថែមពីនោះ ក៏មានថវិកាចំនួន៥ម៉ឺនរៀលទៀតដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែផងដែរ។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងក្នុង១ឆ្នាំ ដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើង អត្រាកំណើន១២% នៃ ប្រាក់បៀវត្សគោល និងការដំឡើងលើកទី២ នៅក្នុងខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ៕