ភ្នំពេញ ៖ អគ្គលេខាធិការអាស៊ាន ចូលជួបសម្តែងការគួរសម សម្តេចតេជោ នាយករដ្ឋមន្ត្រី មុនពេលកិច្ចប្រជុំកំពូលគណៈកម្មកាទន្លេមេគង្គចាប់ផ្តើម នៅខេត្តសៀមរាប។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់អគ្គលេខាធិការថ្មីរបស់អាស៊ាន យកចិត្តទុកដាក់ពន្លឿនការងារអាទិភាពចំពោះកិច្ចការសមាហរណកម្មអាស៊ាន។
នៅក្នុងជំនួបសំដែងការគួរសម ពីសំណាក់ លោក ដាតុ លឹមចុកហ៊ុយ (Dato LiM Chuk huy) អគ្គលេខាធិការថ្មីរបស់អាស៊ាន នាព្រឹកថ្ងៃទី៤ ខែមេសា មុនពេលកិច្ចប្រជុំកំពូលគណៈកម្មាការទន្លេមេគង្គលើកទី៣ ចាប់ផ្តើមនៅក្នុងខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើដល់អគ្គលេខាធិកាអាស៊ាន ជម្រុញពន្លឿនកិច្ចការទាំងឡាយណាដែលថ្នាក់ដឹកនាំបានព្រមព្រៀងគ្នារួចមកហើយ។
ទាក់ទងនឹងការលើកឡើងនេះ លោក ដាតុ លឹមចុកហ៊ុយ បានជំរាបជូនសម្តេចតេជោថា អគ្គលេខាធិការអាស៊ាននឹងប្រឹងប្រែងរៀបចំកិច្ចការអាស៊ានអោយកាន់តែល្អប្រសើរឡើង ជាពិសេសតាមរយៈអគារថ្មីរបស់អគ្គលេខាធិការអាស៊ាន ដែលមានកម្ពស់១៦ជាន់ ស្ថិតនៅក្នុងទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី គឺមានទំហំធំល្មមសាកសមសម្រាប់ប្រើប្រាស់ក្នុងកិច្ចប្រជុំនានារបស់អាស៊ានបាន។
បន្ថែមពីនេះ លោក ដាតុ លឹមចុកហ៊ុយ បានបញ្ជាក់ថា អគ្គលេខាធិការអាស៊ាន នឹងរៀបចំកិច្ចប្រជុំនានារបស់អាស៊ាន ធ្វើយ៉ាងណាអោយមានការសន្សំសំចៃថវិការបស់អាស៊ាន។ ក្នុងចំនុចនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា អាស៊ានមានកិច្ចប្រជុំជាច្រើនមែន ប៉ុន្តែកិច្ចប្រជុំទាំងនោះ គឺជាការជម្រុញកិច្ចការសមាហរណកម្មអាស៊ាន ។
ដូចនេះ សម្តេចស្នើអោយមានការយកចិត្តទុកដាក់ជាអាទិភាពចំពោះកិច្ចការសមាហរណកម្មអាស៊ាន ដែលជាកិច្ចការចំបងសម្រាប់កម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ាន៕