ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់អភិបាលរង និងនាយករដ្ឋបាលរាជធានីភ្នំពេញ ដែលទើបនិងទទួលមុខតំណែងថ្មី ត្រូវបំពេញតួនាទីដោយការទទួលខុសត្រូវខ្ពស់ និងបំរើ ប្រជាជនដោយស្មោះត្រង់ រែកពន់នូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ និងជួយបង្កើនប្រសិទ្ធិភាពការងារ ជាមួយអភិបាល ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី រួមចំណែកក្នុងការពារសុវត្ថិភាពសង្គម សម្រាប់អភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត ។
ក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងថ្មី របស់អភិបាលរងរាជធានីភ្នំពេញ និងនាយកទីចាត់ការសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ មេសា នៅសាលារាជធានីភ្នំពេញលោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ដើម្បី បន្តនិរន្តរភាពការងាររដ្ឋបាល និងបន្តពង្រីកស្នាដៃការងារបានកាន់ល្អប្រសើរបន្ថែមទៀត ឲ្យសក្តិសមទៅនិងទំនុកចិត្តរបស់ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលសាលារាជធានីភ្នំពេញនោះ អ្នកដែលទើបទទួលមុខតំណែងថ្មី ត្រូវបំរើការងារជូនប្រជាជនឲ្យស្មោះត្រង់បំផុត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើថ្នាក់ដឹកនាំពិសេសរដ្ឋាបាលរាជធានីភ្នំពេញ។
លោករដ្ឋលេខាធិការ បន្តថាក្រៅពីការបំពេញសេវាសាធារណៈផ្នែកការងាររដ្ឋបាល ត្រូវទទួលខុសខ្ពស់ក្នុងការរែកពន់ និងជួយបង្កើនប្រសិទ្ធិភាពការងារជាមួយអភិបាល និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី រួមចំណែកក្នុងការពារសុវត្ថិភាពសង្គម ព្រោះវាជាមុខព្រួញឆ្ពោះទៅអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។
លោក ហួត ហៃ ជាអភិបាលរងរាជធានីភ្នំពេញ ដែលទើបទទួលមុខតំណែងថ្មី ក៏ដូចជា លោកសេង វណ្ណៈ មានមុខដំណែងនាយកទីចាត់ការថ្មី បានទទួលយកនូវការណែនាំ ទាំងនោះទៅអនុវត្ត និងប្តេជ្ញាខិតខំបំពេញការងារ និងរក្សាសាមគ្គីភាពជាមួយមន្ត្រី បំរើការងារទាំងអស់ឲ្យបានសក្តិសមទៅនិងជំនឿទុកចិត្តរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ និងសាលារាជធានីប្រគល់ជូន។ ក្រៅពីនេះ នឹងបន្តខិតខំបង្កើនប្រសិទ្ធិភាពការងារជាមួយអភិបាល គ្រប់សកម្មភាពក្នុងនាមអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បី រួមចំណែកកសាង និងអភិវឌ្ឍន៏រាជធានីភ្នំពេញឲ្យបានកាន់តែរីកចំរើន។
សូមបញ្ជាក់ថា លោក ហួត ហៃ នាយករដ្ឋបាលសាលារាជធានី ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញ ជំនួសលោក អៀង អូននី ដែលត្រូវផ្ទេរភារកិច្ចទៅក្រសួងមហាផ្ទៃនិងលោក សេង វណ្ណៈ នាយករងទីចាត់ការរៀបចំក្រុងមកទទួល តួនាទីជានាយកទីចាត់ការថ្មីជំនួស ឯកឧត្តម ហួតហៃ៕