ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជននៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨នេះ បាន ចាប់ផ្តើមដាក់ឲ្យដំណើរការជាបណ្តោះអាសន្ននូវកាណូតដឹកអ្នកដំណើរ ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនៅស្ថានីយនាវាដឹកអ្នកដំណើរឬស្សីកែវ គីឡូម៉ែត្រលេខ៦ ចំណុចទីលានប្រជាធិបតេយ្យថ្មី តាមផ្លូវជាតិលេខ៥។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ឱ្យដឹងថាការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនេះ បានចូលរួមចំណែកដល់ការផ្តល់មធ្យោបាយធ្វើដំណើរបន្ថែមទៀតជូនប្រជា ពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់ បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវផងដែរ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមកាណូតដឹកអ្នកដំណើរនេះ ដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
សូមបញ្ជាក់ថាការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីកំពង់ព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅខេត្តកណ្តាល ដោយឆ្លងកាត់ស្ថានីយ៍រង់ចាំអ្នកដំណើរចំនួន៦កន្លែង មានដូចជា៖ កំពង់ផែព្រែកព្នៅ ,កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ ,កំពង់ផែផែបណ្តែត ,កំពង់ផែណាហ្គា ,កំពង់ផែភូមិដើមចាន់ច្បារអំពៅ និងកំពង់ផែសួនច្បារតាខ្មៅ។
គម្រោងនេះប្រើប្រាស់កាណូតចំនួន៤គ្រឿង ក្នុងនោះ២គ្រឿង ត្រូវបានបញ្ជាទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជាការជួសជុលកាណូត ដែលមានស្រាប់នៅក្នុងស្រុកឡើងវិញ។ កាណូតដែលដាក់ឱ្យដំណើរការនេះជារបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស ៦០នាក់ និងជារបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។
ជាជំហានដំបូងនេះ កាណូតនឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពី ព្រែកព្នៅ ទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូ ម៉ែត្រ ចំណាយពេលវេលាជាមធ្យម ៣៤នាទី។
ទន្ទឹមនឹងការដាក់ដំណើរការកាណូតដឹកអ្នកដំណើរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា បានឲ្យរថយន្តក្រុងសាធារណៈរបស់សាលា រាជធានី ភ្នំពេញ រត់នៅលើផ្លូវជាតិលេខ ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុននិងក្រោយបុណ្យចូលឆ្នាំថ្មី ដោយឥត គិតថ្លៃផងដែរ ដែលការដឹកជញ្ជូននេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨៕
សូមមើលតារាងបង្ហាញទីតាំងចំណតរថយន្ត តាមគោលដៅចេញទៅតាមបណ្តាខេត្ត ៖