ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវអោយម្ចាស់រោងចក្រ និង កម្មករនិយោជិត រួមសាមគ្គីគ្នារក្សាសុវត្ថិភាពការងារ ដើម្បីសម្រេចគោលដៅប្រាក់បៀវត្សអប្បរមា ២៥០ដុល្លារ នាឆ្នាំ២០២៣។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង៤ពាន់៦រយនាក់ដែលមកពីរោងចក្រសហគ្រាសចំនួន៤៩ មកពីខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែមេសានេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ ប្រធានរដ្ឋបាល ប្រធានក្រុមការងារនៅក្នុងរោងចក្រទាំងអស់ ត្រូវបង្កើនសាមគ្គីភាព និងនិយាយដោយភាពសមរម ជាមួយកម្មករកម្មការិនី ជៀសវាងកើតមានជម្លោះដោយបញ្ហាទាំងនេះ។ សម្តេចតេជោ បានផ្តល់អនុសាសន៌ថា ទាំងថៅកែ និង កម្មកររោងចក្រ ត្រូវធ្វើការរួមគ្នាធានាសុវត្ថិភាពការងារក្នុងរោងចក្រ ដោយមិនត្រូវអោយកើតមានការធ្វើកូដកម្ម បាតុកម្ម ឬការបណ្តេញកម្មករចេញពីការងារ ដែលមិនមែនជាដំណោះស្រាយល្អនោះឡើយ។ ជាពិសេស ក៏មិនត្រូវអោយកើតមានបងធំបងតូច និង បញ្ហាគ្រឿងញៀនក្នុងរោងចក្រ ដែលអាចបង្ករអោយគ្មានសណ្តាប់ធ្នាប់ដែរ ។
សម្តេចតេជោ ចាត់ទុកថា ការចូលរួមរក្សាសន្តិភាពនិងសុវត្ថិភាពការងារ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដែលកំពុងខិតខំរកវិធីបង្កើនប្រាក់ចំណូលរបស់កម្មកររោងចក្រ និងគិតគូលើការកាត់បន្ថយការចំណាយរបស់កម្មករ កម្មការិនី តាមរយៈគោលនយោបាយគាំពារសង្គមនានា។
សម្តេចតេជោ បានលើកឡើងថា បើតាមការព្យាករណ៌ នាឆ្នាំ២០២៣ ប្រាក់ខែអប្បរមារ របស់កម្មកររោងចក្រ នឹងមិនតិចជាង២៥០ដុល្លារនោះទេ ខណៈពេលបច្ចុប្បន្ន ប្រាក់ខែជាមធ្យមប្រចាំថ្ងៃ មានប្រមាណ៦ដុល្លារ ដែលចំនួននេះ គឺលើសពីចំណូល នៃបន្ទាត់ភាពក្រីក្រ ប្រចាំថ្ងៃ១ដុល្លារ ដែលកំណត់ដោយអង្គការសហប្រជាជាតិ ។
គួរកត់សំគាល់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជាច្រើនសម្រាប់ទ្រទ្រង់ជីវភាព និង សុខមាលភាពរបស់កម្មករកម្មការិនី។
ក្នុងនោះ កម្មការិនីមានផ្ទៃពោះ ត្រូវបានផ្តល់ការគាំពារជាអាទិភាព ចាប់តាំងពីពេលមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ។ បើគិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ មានកម្មការិនី ជាង១ម៉ឺន៤ពាន់៣រយនាក់ បានឆ្លងទន្លេ ដោយទទួលបានកញ្ចប់ថវិកាក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ៥ពាន់លានរៀល ស្មើនឹងជិត១លាន៥សែនដុល្លារអាមេរិក។ រាជរដ្ឋាភិបាល បានត្រៀមប្រាក់១០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗសម្រាប់គោលនយោបាយគាំពារសង្គមនេះ៕