ភ្នំពេញ ៖ ជំនួបទ្វេភាគីរវាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋមន្ត្រីការបរទេសជប៉ុន ឈានដល់ការចុះហត្ថលេខា ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
រដ្ឋមន្ត្រីការបរទេសជប៉ុន បានសន្យាចំពោះមុខ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយដល់កម្ពុជា អោយសម្រេចតាមគោលដៅ ជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ នាឆ្នាំ២០៣០។ ជាក់ស្តែងភាគីទាំងពីរ បានឈានដល់ការចុះហត្ថលេខា ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។
១: នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ មេសានេះ លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេស និងជាសមជិកសភានៃប្រទេសជប៉ុន បានសន្យាថា រដ្ឋាភិបាលជប៉ុននឹងបន្តជួយដល់កម្ពុជា ដើម្បីអោយកម្ពុជាសម្រេចតាមគោលដៅជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។
បើតាមការថ្លែងប្រាប់ពីលោក អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ក្រោយជំនួបទ្វេភាគីនេះថា ឯកឧត្តម តារ៉ូ កូណូ បានបង្ហាញពីលទ្ធភាពរបស់ប្រទេសជប៉ុនក្នុងការបន្តជួយអភិវឌ្ឍន៌ប្រទេសកម្ពុជា លើវិស័យជាច្រើន ដូចជា វិស័យហេដ្ឋរចនាសម្ព័ន្ធ វិស័យឡូជីស្ទីក គម្រោងសាងសង់កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ ជាងនេះទៀត រដ្ឋាភិបាលជប៉ុននឹងជួយកម្ពុជា លើការងារតបណ្តាញអគ្គិសនី និងការងាររក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ តាមរយៈ ឯកឧត្តម តារ៉ូ កូណូ នេះដែរ រដ្ឋាភិបាលជប៉ុនបានអញ្ជើញសម្តេចតេជោ ទៅចូលរួមកិច្ចប្រជុំកំពូលជប៉ុន មេគង្គ ដែលនឹងរៀបចំធ្វើនារដូវស្លឹកឈើជ្រុះខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិកានាពេលអនាគត ជាពិសេស លើការតភ្ជាប់ រួមនិង វិស័យសុខាភិបាល និង ការអភិវឌ្ឍធនធានមនុស្សជាដើម។ ជាការឆ្លើយតប សម្តេច តេជោ បានលើកឡើងថា កម្ពុជាមិនភ្លេចនោះទេចំពោះ តួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ដែលបានជយយកម្ពុជាក្នុងការស្វែងរកសុខសន្តិភាព រួមនិង ការស្តារ អភិវឌ្ឍប្រទេសជាតិ រហូតមកដល់ពេលនេះ ដូចជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ វិស័យទឹកស្អាត ប្រព័ន្ធការពារទឹកជំនន់ ជាដើម ។ ចំពោះ កិច្ចប្រជុំកំពូលមេគង្គ ជប៉ុន សម្តេចតេជោ បានគាំទ្រ និង ចាត់ទុកថា មានសារៈសំខាន់ណាស់ សម្រាប់ការតភ្ជាប់ និងការធ្វើសមាហរណកម្ម កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និង អាស៊ានថ្មី។
ជាសក្ខីភាពនៃខួបអនុស្សាវរីយ៌ ទំនាក់ទំនងការទូតរយៈពេល៦៥ឆ្នាំ រវាងប្រទេសកម្ពុជា និងជប៉ុន ក្នុងឆ្នាំ២០១៨នេះដែរ បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលតំណាងដោយ ឯកឧត្តម ប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជា និង ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេស ក៏បានឈានដល់ការចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការ ផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់សរុប ជាង៩០លានដុល្លារអាមេរិក ក្នុងនោះ រួមមាន ៖ ទី១៖ ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន ស្មើនឹងប្រមាណ៥លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា។ ទី២៖ ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩ពាន់២១៦ លានយ៉េន ស្មើនឹងប្រមាណ ៨៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានជំរុញទំនាក់ទំនងក្លាយជាដៃគូយុទ្ធសាស្ត្រ ចាប់តាំងពីឆ្នាំ២០១៣មក ក្នុងនោះប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៌ ដែលបានផ្តល់ជំនួយច្រើនជាងគេមកកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សនេះ។ បើគិតចាប់ពីឆ្នាំ១៩៩២ រហូតមកត្រឹមដំណាច់ឆ្នាំ២០១៧ ប្រទេសជប៉ុនបានផ្តល់ថវិកាហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា សរុបប្រមាណ ៤ពាន់៤រយលានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានចំនួនជាង៣ពាន់លានដុល្លារ និងឥណទានសម្បទានមានចំនួន ជាង១ពាន់៣រយលានដុល្លារ៕
(
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុងជំនួបនៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។)