ជប៉ុន​នៅតែ​ជា​ដៃគូ​ធំ​បំផុត ដែល​អាច​ជំរុញ​ឲ្យ​កម្ពុ​ជាមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2018 ក+ ក-

​ភ្នំពេញ ៖ រយៈ​ជាង​ពេល​ជាង​ពីរ​ទសវត្ស​មកនេះ ប្រទេស​ជប៉ុន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការ​ស្វែងរក​សន្តិភាព និង​ជួយ​ពង្រឹង​ការងារ​ក្នុង​វិស័យ​ជាច្រើន​នៅ​កម្ពុជា​! មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​ប្រទេស​ជប៉ុន ជា​ដៃគូ​អភិវឌ្ឍ​ន៌​ធំ​បំផុត ដែល​អាចជួយ​ជម្រុញ អោយ​កម្ពុជា​សម្រេច​គោលដៅ ជា​ប្រទេស​មាន​ប្រាក់ចំនូល​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​កាលពី​ថ្ងៃទី​៨ ខែមេសា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ជប៉ុន បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ចំនួន​ពីរ ស្តីពី​ការ ផ្តល់​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ជប៉ុន មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទឹកប្រាក់​សរុប ជាង​៩០​លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល​ឆ្នាំ​២០១៨​នេះ គឺជា​ខួប​អនុស្សា​វ​រី​យ៌ រយៈពេល​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ទាំងពីរ​។ ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ចំនួន​ពីរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​តំណាង​ដោយ លោក ប្រាក់​សុខុន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​កម្ពុជា ជាមួយ លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ដែលមាន​វត្តមាន សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា ជា​សក្ខីភាព​នេះ រួមមាន ៖ ទី​១៖ ហិរញ្ញប្បទាន​ឥត​សំណង​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន ស្មើនឹង​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា ទី​២៖ ឥណទាន​សម្បទាន​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ៩​ពាន់​២១៦ លាន​យ៉េន ស្មើនឹង​ប្រមាណ ៨៦ លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​២​។

​តាមរយៈ​ការចុះហត្ថលេខា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញថា ប្រទេស​ជប៉ុន​គឺជា​មិត្ត និង​ជា​ដៃគូ​អភិវឌ្ឍ​ន៌ ដែល​ដើរតួនាទី​សំខាន់ ទាំង​ការស្វែងរក​សន្តិភាពរ​បស់​កម្ពុជា និង​បាន​ជួយ​គាំទ្រ​កម្ពុជា ក្នុងការ​ស្តារ​និង​អភិវឌ្ឍ លើ​វិស័យ​ជាច្រើន ដូចជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ទឹកស្អាត ប្រព័ន្ធ​ការពារ​ទឹកជំនន់ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជាដើម ។ ជាងនេះទៀត រដ្ឋាភិបាល​ជប៉ុន នៅតែ​បង្ហាញ​ជំហរ​បន្ត​គាំទ្រ ដល់​កម្ពុជា អោយ​សម្រេច​តាម​គោលដៅ​ជា​ប្រទេស​មាន​ប្រាក់ចំណូល មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​ផងដែរ​។

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង ប្រទេស​ជប៉ុន បាន​ជម្រុញ​ទំនាក់ទំនង ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្នុងនោះ​ប្រទេស​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍ​ន៌ ដែល​បាន​ផ្តល់ជំនួយ​ច្រើនជាងគេ​មក​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មកនេះ​។

​បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមក​ត្រឹម​ដំណាច់ឆ្នាំ​២០១៧ ប្រទេស​ជប៉ុន​បានផ្តល់​ថវិកា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​កម្ពុជា សរុប​ប្រមាណ ៤​ពាន់​៤​រយ​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ និង​ឥណទាន​សម្បទាន​មាន​ចំនួន ជាង​១​ពាន់​៣​រយ​លាន​ដុល្លារ​។

តាមរយៈ ការចុះ​កិច្ចព្រមព្រៀង​ដើម្បី​ការពារ​អ្នកវិនិយោគ រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ជាង​៣០ កាលពី​ថ្ងៃទី​៣០ ខែមីនា​កន្លងមកនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញថា គឺ​មានតែ​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ដែលមាន​ការចុះហត្ថលេខា​ផ្ទាល់​ដោយ​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ព្រោះ​រាជរដ្ឋាភិបាល​កម្ពុជា ចង់អោយ​អ្នកវិនិយោគ​ជប៉ុន ចូលមក​កម្ពុជា​កាន់តែ​ច្រើន ដោយសារ ការវិនិយោគ​ជប៉ុន​មាន​សារសំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ ជាងនេះទៀត ប្រទេស​កម្ពុជា​ចាត់ទុកថា អ្នកវិនិយោគ​ជប៉ុន​មិន​ត្រឹមតែ​យកប្រាក់​មក​វិនិយោគ​នោះទេ តែ​ពួកគេ​យក​ទាំង​បេះដូង​មកជា​មួយ​ផងដែរ ដោយ​ក្រុមហ៊ុន​ជប៉ុន តែង​ចាត់ទុក​អ្នកធ្វើការ​ឲ្យ​ខ្លួន​ជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់ និង​បានផ្តល់​ជំនាញ​ល្អៗ​បន្ថែម​ដល់​បុគ្គលិក​ជា​ជនជាតិ​កម្ពុជា​ទៀតផង​។

​យោងតាម​ទិន្នន័យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បង្ហាញថា គិត​ត្រឹម​ឆ្នាំ​២០១៧ មាន​គម្រោង​ចំនួន​១៣០​របស់​ជប៉ុន ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ១​ពាន់​៦​រយ​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ចុះបញ្ជី ជា​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ៕

 

 

 

 

 

 

 

 

(​លោក​យូគី អូ​សៃ​តា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូងនៃ​ក្រសួង​ការងារ​

ប្រទេស​ជប៉ុនកាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា​)