ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១០ មេសា នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយផែនការសម្ងាត់មួយរបស់ក្រុមក្បត់ជាតិ ដែលចង់បង្កភាពចលាចលនៅក្រុងភ្នំពេញ និងក្រុងសៀមរាប! ប៉ុន្តែផែនការនោះត្រូវបានទប់ស្កាត់។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្របគ្រងចំនួនជាង៣ពាន់រយនាក់ នាព្រឹកថ្ងៃទី១០ ខែមេសា នេះ នៅសាលសន្និបាតកោះពេជ្រ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយព័ត៌មានសម្ងាត់មួយដែលទាក់ទងនឹងផែនការរបស់ក្រុមក្បត់ជាតិ ដែលចង់បង្កភាពចលាចលនៅក្នុងទីក្រុងភ្នំពេញ និង ក្រុងសៀមរាប នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណែកសមាសភាពអ្នកបញ្ជានៅពីក្រោយផែនការនេះ ត្រូវបានសម្តេចតេជោ បង្ហាញថា គឺឈ្មោះ សម សេរី នាយករដ្ឋមន្ត្រីថ្លែងថា « ….យប់ម៉ិញខ្ញុំបានបញ្ចេញព័ត៌មានសម្ងាត់ទៅអោយអភិបាលក្រុង បានដឹងហើយ…ខ្ញុំសូមប្រកាសផែនការលោកឯងទាក់ទងនឹងនាថ្ងៃ១២ នៅវត្តភ្នំ! ខ្ញុំគ្របគ្រងសភាពការណ៌បានមុនហើយ!…..ដូចនេះ ការគ្រប់គ្រងអំណាចមិនមែនគ្រាន់តែជារឿងធម្មតាពេកទេ គឺត្រូវត្រៀមកងកម្លាំងសមត្ថកិច្ចចាំការពារ សុវត្ថិភាព និងត្រៀមក្រុមគ្រូពេទ្យប្រចាំការ ផងដែរ….»។
ទន្ទឹមនឹងការងារការពារសន្តិសុខជាតិ ដែលរដ្ឋាភិបាលបានត្រៀមរៀបចំរួចរាល់ហើយនោះ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សម្តេចតេជោ ក៏បានស្នើអោយអាជ្ញាធរខេត្តនិមួយៗ ត្រូវត្រៀមកម្លាំងការពារនិងរៀបចំសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីអោយប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តដោយរីករាយ។ ដូចគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្នខ្លួនឯងផងដែរ ទាំងការធ្វើចរាចរណ៍ និង ការពារកុំអោយកើតមានគ្រោះអគ្គិភ័យ ជាដើម។
ចំណែក បញ្ហាតម្លៃរថយន្តក្រុងនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ បើសិនជាក្រុមហ៊ុនរថយន្តក្រុងឯកជន នៅតែតម្លើងថ្លៃខ្ពស់ដូចឆ្នាំមុនៗទៀតនោះ សម្តេចតេជោ បានថ្លែងថា រដ្ឋាភិបាលនឹងធ្វើការបន្ថែមចំនួនរថយន្តក្រុងសាធារណៈអោយដល់២០០គ្រឿងតែម្តង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាឆ្នាំក្រោយ ដើម្បីដេញជើងក្រុមហ៊ុនឯកជនទាំងនោះ ខណៈដែលឆ្នាំ២០១៨នេះ រដ្ឋាភិបាលបានរៀបចំសាកល្បង អោយមានការធ្វើដំណើរមិនគិតថ្លៃ តាមរយៈរថយន្តក្រុងសាធារណៈចំនួន៦០គ្រឿងប៉ុណ្ណោះ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា។
គួរជម្រាបថា លោក សម សេរី គឺជាប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសដាណឺម៉ាក់ កាលពីឆ្នាំ២០១២ ។
លោក សម សេរី ធ្លាប់ បញ្ជាក់ថា ការបង្កើតចលនានេះឡើង ដើម្បីតស៊ូ រំដោះប្រជាពលរដ្ឋខ្មែរពីអាណានិគមបែបថ្មីរបស់វៀតណាម និងរបបដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែចលនារណសិរ្យរំដោះជាតិខ្មែរនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាចលនាក្បត់ជាតិ។ រដ្ឋាភិបាល ក៏បានចាប់ខ្លួនសមាជិកចលនារណសិរ្យនេះប្រមាណ១០នាក់ កាលពីថ្ងៃ២៣ តុលា ឆ្នាំ២០១៤ នៅគ្រាដែលពួកគេចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ដោយដុតទង់ជាតិវៀតណាម៕