អាស៊ាន ៖ តំបន់អាស៊ីអាគ្នេយ៍មើលឃើញថា នឹងនៅតែបន្តសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ បើទោះបីជាភាពតានតឹងនៃការដំឡើងអត្រាពន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសចិន កំពុងជំរុញឲ្យមានក្តីបារម្ភកាន់តែខ្លាំងចំពោះពិភពលោកក៏ដោយ។
នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់អាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃចុងសប្តាហ៍មុន បានព្យាករថា តំបន់អាស៊ានដែលមានប្រទេសជាសមាជិកចំនួន១០ និងមានប្រជាជនជាង៦៣០លាននាក់ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអាត្រាខ្ពស់ជាងតំបន់ផ្សេងទៀតក្នុងពិភពលោក ក្នុងឆ្នាំនេះ ខណៈដែលអាត្រកំណើនឆ្នាំមុនមាន ៥,១ ភាគរយ។
ាចំពោះហានិភ័យនៃជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និង ចិន រដ្ឋមន្ត្រីនៃតំបន់អាស៊ាន មើលឃើញថា អាចនឹងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគក្នុងតំបន់ផងដែរ ដែលអាស៊ានត្រូវឃ្លាំមើលស្ថានភាពនេះ។ ប៉ុន្តែបញ្ហានេះ គ្មានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងនោះទេសម្រាប់អាស៊ាន។
រដ្ឋមន្ត្រីនៃតំបន់អាស៊ាន មើលឃើញថា បើសិនកើតមានសង្គ្រាមពាណិជ្ជកម្មខ្លាំង រវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះ គឺពុំមាននរណាម្នាក់នឹងក្លាយជាអ្នកឈ្នះនោះទេនៅក្នុងជម្លោះនោះ។
គួរបញ្ជាក់ថា កាលពីដើមខែមេសាកន្លងមកនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាហូតពន្ធបន្ថែមតម្លៃ ១០០ ពាន់លានដុល្លារទៀតលើទំនិញនាំចូលពីប្រទេសចិន ខណៈដែលការហូតពន្ធលើទំនិញរបស់ចិនតម្លៃ ៥០ពាន់លានដុល្លារ ត្រូវបានកំណត់រួចទៅហើយ ថានឹងត្រូវជាប់ពន្ធពិន័យនោះ។
ចំណែកប្រទេសចិន ក៏បានប្រកាសពីផែនការតបតផងដែរ ដោយនឹងដំឡើងពន្ធនាំចូលពីសហរដ្ឋអាមេរិកវិញ ដូចជា សណ្តែកសៀង យន្តហោះ និងរថយន្តជាដើម ហើយប្រទេសចិនក៏បានដាក់ដំណើរការបណ្តឹងមួយនៅអង្គការពាណិជ្ជកម្មពិភពលោកលើបញ្ហាពាណិជ្ជកម្មនេះទៀតផង៕