ភ្នំពេញ ៖ បន្ទាប់ទទួលបានជោគជ័យនៃការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិនៅក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងទេសចរណ៌ ក៏បានបង្ហាញពីគម្រោងរៀបចំពិព័រណ៍ទេសចរណ៍នេះជាលើកទី២ នាខែតុលាខាងមុខ ដែលជ្រើសយករាជធានីភ្នំពេញជាទីតាំងរៀបចំកម្មវិធីនេះវិញម្តង។
ក្រសួងទេសចរណ៍ បានកំណត់យករាជធានីភ្នំពេញជាទីតាំងរៀបចំ ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី២ ដែលហៅថា Cambodia Travel Mart (CTM 2018) នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ដោយទីតាំងជាក់លាក់តែម្តង គឺនៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងការរៀបចំព្រឹត្តិការណ៌ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី២នេះ ក្រសួងទេសចរណ៌នឹងសហការជាមួយក្រុមហ៊ុន Slickbooth Holding Co,.Ltd ។
បើតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មូលហេតុដែលក្រសួងទេសចរណ៌សម្រេចជ្រើសយក រាជធានីភ្នំពេញជាកន្លែងរៀបចំពិព័រណ៌ទេសចរណ៌នេះ គឺដោយសារភ្នំពេញ ជាគោលដៅទេសចរណ៍ដែលផ្តល់សេវាកម្មទេសចរណ៍គ្រាប់គ្រាន់ និងស្របតាមស្តង់ដារដែលហៅថា ម៉ាយស៏ (MICEs) ផងដែរ សម្រាប់ក្រុមហ៊ុនធុរកិច្ចជាតិ និងអន្តរជាតិ ក្នុងការរៀបចំកិច្ចប្រជុំសន្និសីទ និងពិព័រណ៍អន្តរជាតិធំៗ ។
ថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ កាលពីចុងសប្តាហ៌កន្លងមកនេះ ឯកឧត្តម ថោង ខុន បានបង្ហាញថា ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ គឺជាវេទិកា ដ៏មានសារៈសំខាន់ ដែលនឹងជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងស្រុកឲ្យបានកាន់តែទូលំទូលាយថែមទៀតដល់ទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិ ឲ្យបានស្គាល់និងដឹងថា ក្រៅពីតំបន់ទេសចរណ៍ខេត្ដសៀមរាប កម្ពុជាក៏មានតំបន់ទេសចរណ៍ជាច្រើនទៀតដែលមានភាពទាក់ទាញខ្លាំងផងដែរ ពិសេសនៅខេត្តបាត់ដំបង កំពត និងក្រចេះជាដើម។
ពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ ហៅថា Cambodia Travel Mart 2018) នឹងក្លាយជាវេទិកាជួបជុំក្នុងការធ្វើធុរៈកិច្ចទេសចរណ៍រវាងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក និង អន្តរជាតិ ប្រមាណ ៧០០ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ ក៏មានការចូលរួមពីស្ថាប័នទេសចរណ៍នៃប្រទេសក្នុងតំបន់អាស៊ាន រួមនិងអ្នកសារព័ត៌មានជាតិ និងអន្តជាតិ ជាច្រើនទៀតចូលរួមក្នុងពិព័រណ៌នេះ ដែលនឹងជួយផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា អោយកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង៥លាន៦សែននាក់ ដែលបានទាញយកចំណូលដោយផ្ទាល់ ចំនួន៣ពាន់៨រយលានដុល្លាអាមេរិក និងបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់។ ចំណែករយៈពេល២ខែ ដើមឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ប្រមាណ១លាន១សែននាក់ ដែលកើន ១១ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
តាមការរំពឹងទុក កម្ពុជា នឹងទទួលបានអ្នកទេសចរអន្តរជាតិចំនួន៦លាន១សែននាក់ នៅឆ្នាំ២០១៨នេះ ហើយនិងកើនឡើងដល់ ៧លាននាក់នាឆ្នាំ២០២០ខាងមុខ ជាមួយនឹងចំណូលប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក រួមនិងការបង្កើតការងារប្រមាណ១លាននាក់៕