ភ្នំពេញ ៖ ថ្ងៃនេះ ជាថ្ងៃទី២ហើយ ដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្តល់ថវិកា ដល់កម្មករ និយោជិត សរុបចំនួន ២,៥៤២នាក់ ដែលម្ចាស់រោងចក្ររត់ចោលចំនួន៤គឺ ហ្គ្រេតអននើ អ៊ីហ្វា ប៊ីណូ និងជុងហ្វៃ។
ការផ្តល់ថវិកានេះ គឺប្រើប្រាស់ថវិកាបុរេប្រទាន របស់រដ្ឋាភិបាល ដើម្បីសម្រួលដល់ទុក្ខលំបាករបស់បង ប្អូនកម្មករ និយោជិត ។ ការផ្តល់ថវិកានេះ គឺធ្វើឡើងស្របតាមអនុសាសន៍ របស់សម្តេចតេជោហ៊ុន សែន ដែលបានសម្រេចផ្តល់ថវិកា សម្រាប់ដោះស្រាយសំណង ជូនកម្មករចំនួន ៤,១៤៦នាក់ ដែលបម្រើការងារនៅក្នុងរោងចក្រចំនួន៩ ដែលថៅកែរត់ចោល ដោយមិនបានទូទាត់ប្រាក់ឈ្នូល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់បងប្អូនកម្មករនិយោជិត។
បងស្រី សូ សុខា អតីតកម្មការិនីផ្នែកកាត់ព្រុយ នៅរោងចក្រ ហ្គ្រេតអននើ អស់រយៈពេល១៤ឆ្នាំ ទទួលបានថវិកាចំនូន ១,៤០០ដុល្លារ បានសម្តែងការសប្បាយរីករាយថា៖ “ខ្ញុំសូមអរគុណដល់ រដ្ឋាភិបាលដែលបានជួយអន្តរាគមន៍ក្នុងការបើកលុយជូនដល់អតីតកម្មករនៅរោងចក្រហ្គ្រេតអននើ ដែលថៅកែរត់ចោល។ ពួកខ្ញុំរង់ចាំជិត២ឆ្នាំហើយមកដល់ថ្ងៃនេះ។ អរគុណ សមេ្តច តេជោ និងក្រសួងការងារដែលបានជួយពួកខ្ញុំ។”
ដូចគ្នាផងដែរ បង ស្រី គ្រេង ឆេង ជាកម្មការិនីផ្នែកដេរ អស់រយៈពេល២០ឆ្នាំ នៅរោងចក្រហ្គ្រេតអននើ មកពីខេត្តកណ្តាលបានសម្តែងអារម្មណ៍សប្បាយរីករាយក្រោយពេលទទួលថវិកាថា៖“ខ្ញុំទទួលបាន ថវិកាចំនួន ១,៦៤៩ដុល្លារ។ ខ្ញុំមិនដែលនឹកស្មានថាគេដោះស្រាយជូនពួកខ្ញុំទេ ខ្ញុំពិតជាអរគុណ សម្តេច ហ៊ុន សែន ណាស់ដែលបានដោះស្រាយប្រាក់សំណងដែលថៅកែរោងចក្ររត់ចោលដល់ពួកខ្ញុំព្រោះ ជិតចូលឆ្នាំថ្មីហើយ បានលុយខ្លះយកទៅស្រុក”។ចំណែកឯបងស្រី ណឹប ចន្ធី ដែលបានធ្វើការ១៦ឆ្នាំនៅរោងចក្រហ្គ្រេតអននើដែរនោះ បានអះអាងថា គាត់ទទួលបានថវិកាសរុប ១,៦៧០ដុល្លារ។ គាត់លើកឡើងថា៖ “ពីមុនខ្ញុំពិបាកចិត្តណាស់ មិនដឹងថ្ងៃណាគេបើកលុយឲ្យនោះទេ ព្រោះថៅកែរោងចក្របានរត់បាត់ហើយ
។ តែពេលនេះ សំណាងណាស់ដែលរដ្ឋាភិបាលបានជួយ។” លោក ទេស រុក្ខាផល អគ្គលេខាធិការរង នៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និង បាតុកម្មនៅគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់អំពីការទូទាត់ថវិកាជូនកម្មករនិយ
ោជិតថា៖ “រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបានផ្តល់ជូនការទូទាត់លើបីចំណុចគឺ ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់បណ្តេញចេញស្មើនឹងប្រាក់អតីតភាពការងារពួកគេ។”គួរបញ្ជាក់ផងដែរថា ការបែងចែកថវិកាជូនកម្មករនិយោជិតនេះ គឺក្រសួងការងារមានរូបមន្ត គណនាច្បាស់លាស់ ដោយត្រូវគិតទៅតាមកិច្ចសន្យាការងារមានថិរវេលាកំណត់ និងកិច្ចសន្យាការងារ មិនមានថិរវេលាមិនកំណត់ ហើយនិងអតីតភាពការងាររបស់ពួកគាត់ម្នាក់ៗ។
ជាមួយគ្នានេះផងដែរ ក្រៅពីការបើកថវិកាជូនបងប្អូនកម្មករនិយោជិត ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានរៀបចំស្តង់សម្រាប់ចុះឈ្មោះបងប្អូនកម្មករនិយោជិតណាដែលត្រូវការស្វែងរកការងារធ្វើ ចង់ផ្លាស់ប្តូរការងារ ឬក៏ត្រូវការសេវាប្រឹក្សាយោបល់ការងារតាមរយៈសេវាការងាររបស់ រដ្ឋាភិបាលដែលផ្តល់ជូនដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ។ សម្រាប់រយៈពេលពីរថ្ងៃនេះ មានបងប្អូនដែលបានមកចុះឈ្មោះស្វែងរកការងារជាមួយក្រសួងមានប្រមាណជិត២ពាន់នាក់ ៕