ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៌អាស៊ី បានតម្លើងការព្យាករណ៌ ចំពោះកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ី កើនដល់៦ភាគរយក្នុងឆ្នាំនេះ ដោយសារមើលឃើញពីកំណើនតម្រូវការទំនិញនាំចេញពិភពលោក តែធនាគារនេះបានរំឭកពីហានិភ័យដែលបង្កឡើងពីសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសចិន និង សហរដ្ឋអាមេរិកផងដែរ។
របាយការណ៍ថ្មី របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនៅថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨នេះ បានបង្ហាញពីចក្ខុវិស័យអភិវឌ្ឍន៍នៃតំបន់អាស៊ី ដែលនឹងមានកំណើនសេដ្ឋកិច្ច ៦ ភាគរយក្នុងឆ្នាំនេះ ខណៈដែលការព្យាករណ៌របស់ធនាគារ ADB កាលពីចុងឆ្នាំ២០១៧ បានកំណត់ត្រឹម ៥,៧ ភាគរយ ប៉ុណ្ណោះ។ ធនាគារ ADB ក៏បានព្យាករណ៌ដែរថា កំណើនសេដ្ឋកិច្ចតំបន់អាស៊ី ក្នុងឆ្នាំ ២០១៩ នឹងមាន ៥,៩ ភាគរយ។
ទន្ទឹមនេះ ការតម្លើងអាត្រាកំណើនសេដ្ឋកិច្ចនេះ ធនាគារ ADB ក៏បានបង្ហាញផងដែរពីផលប៉ះពាល់នៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាទាក់ទងនឹងការងារក្នុងតំបន់នេះ ដែលធនាគារនេះបានឲ្យដឹងថា អាចធ្វើឲ្យវិសមភាពដែលមានរួចជាស្រាប់ហើយនោះកាន់តែ មានខ្លាំងឡើងថែមទៀត។
ការព្យាករនេះ កើតមានឡើងក្នុងគ្រាដែលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលកំពុងកើនឡើងរវាងប្រទេស ចិន និង សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេរបស់ពិភពលោក និង ជាប្រទេសសំខាន់នៃការជំរុញកំណើនសេដ្ឋកិច្ចសកល។
គួរកត់សំគាល់ថា គិតចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដាក់ចេញគោលនយោបាយគាំពារនិយម ដែលតម្លើងអត្រាពន្ធលើការនាំចូល ដែកថែប និង អាលុយមីញ៉ូម ចាប់តាំងពីដើមខែមីនាមក បានធ្វើអោយប្រទេសចិន ឆ្លើយតបវិញ ដោយប្រទេសចិន ក៏បានប្រកាសថានឹងតម្លើងអាត្រាពន្ធ លើទំនិញសំខាន់ៗមួយចំនួន ដែលនាំចូលពីសហរដ្ឋអាមេរិក ដូចគ្នាផងដែរ៕