ខេត្តកណ្ដាល ៖ ស្ត្រីម្នាក់ឈ្មោះ កែវ រតនៈ ហៅហ្គិច ដែលធ្លាប់បង្កការអុកឡុកធ្វើឱ្យមានការភ្ញាក់ផ្អើលដោយធ្លាប់ដកកាំភ្លើងបាញ់គំរាមជនស្លូតត្រង់ ហើយបានយកសាំងចាក់ដុតរោងចក្រកែច្នៃគ្រឿងសង្ហារឹមនៅស្រុកអង្គស្នួលកាលពីពេលថ្មីៗនោះ ឥឡូវត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្តកណ្ដាលបណ្តោះអាសន្នហើយ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នេះ ។
មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឱ្យដឹងថា ស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ត្រូវជាប់ចោទពីបទល្មើស” ប្រើប្រាស់ឯកសារសាធារណៈក្លែង, គំរាមកំហែងថានឹងសម្លាប់ និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល” ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹមនិងក្តាកុងផ្លាកេ ប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៨ តាមមាត្រា៧៨ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ ,២៣៣ ,៤១៣នៃក្រមព្រហ្មទណ្ឌ ។
ស្ត្រីត្រូវចោទមានឈ្មោះ កែវ រតនៈ ហៅ ហ្គិច ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានី ភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ រោងចក្រកែច្នៃគ្រឿងសង្ហារឹម ស្ថិតនៅចំណុចភូមិទឹកជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះបង្ក ឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
យោងតាមសាក្សីបំភ្លឺឈ្មោះ ឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករបានឃើញរថយន្តមួយគ្រឿង មានគ្នា០៤ទៅ០៥នាក់ ចូលទៅដុតឈើ នៅក្នុងរោងចក្រ ថែមទាំងបានគំរាមកម្មករទាំងអស់ មិនអោយចូលពន្លត់ភ្លើងដែលកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន ឈ្មោះ កែវ រតនះ ហៅចែហ្គិច ភេទស្រី បើកបររថយន្តម៉ាក៥៧០ ស៊េរី ២០១៧ ពាក់ផ្លាកលេខ ខម ៦៧៦២ ជាអ្នកដុត ។ ក្រោយដុតភ្លើងរួចហើយ ស្ត្រីរូបនោះ រួមនឹងបក្ខពួកបានជិះរថយន្តគេចចេញពីកន្លែងកើតហេតុ ។
រហូតដល់រសៀលថ្ងៃដដែល (ថ្ងៃកើតហេតុ) ក្រោយពេលទទួលបានពាក្យបណ្តឹង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក បានបើកការស៊ើបអង្កេត ស្រាវជ្រាវរហូត ក្តាប់បានមុខសញ្ញា និងចុះបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនស្ត្រីជើងខ្លាំងខាងលើនេះបាន នៅចំណុច ផ្ទះលេខ១៤ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្ត្រីជើងខ្លាំង ឈ្មោះ កែវ រតនៈ ហៅ ហ្គិច ព្រមសារភាពថារូបនាងពិតជាបានចាក់សាំងដុតឈើកៅស៊ូក្នុងរោងចក្រ ប្រាយវ៉េរ ហ្វើនីឈ័រ ដែលជាកម្មសិទ្ធិរបស់ប្តីនាងពិតប្រាកដមែន ព្រោះតែរូបនាងមានទំនាស់ក្នុងគ្រួសារ ហើយប្តីនាងមិនព្រមចូលផ្ទះដើម្បី ដោះស្រាយគ្នា ទើបនាងសម្រេចចិត្តទៅដុតឈើកៅស៊ូក្នុងរោងចក្ររបស់ប្តីនាងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតន: ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឲ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុន ស្ត្រីរូបនេះធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោសពីបទ បាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ។ ក្រោយមកចុងឆ្នាំ២០១៦ កន្លងទៅ ស្ត្រីរូបនេះដដែលបានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជន២រូប ត្រូវបានតុលាការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារផងដែរ។
ក្រោយពេលអាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុចប់ ក៏បានប្រគល់ស្ត្រីជើងខ្លាំងខាងលើ ទៅឲ្យអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕