កណ្ដាល ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ដោយសារអតីតប្តីរបស់នាងដែលបាន លែងលះគ្នារយៈពេលប្រមាណជាង២ខែ យកកាំបិតផ្គាក់ស្ទាក់កាប់នាងពីក្រោយ ខណៈនាងកំពុងជិះម៉ូតូតាម ផ្លូវ ដោយសារខឹងនាងមិនព្រមទៅជួបរូបគេតាមការណាត់ ។
ជនសង្ស័យម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើប្រពន្ធដែលបានបែកគ្នាអស់រយៈពេលប្រមាណជាង២ខែចំ.ក ខណៈដែលស្ត្រីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ ។ ករណីឃាតកម្មខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចអនុវិទ្យាល័យកំពង់ចម្លង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុប្រមាណ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ដកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ ភេទប្រុស អាយុប្រមាណ២៣ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ។
ប្រភពដដែលបន្ដថា ជនសង្ស័យនិងនារីរងគ្រោះបានបែកបាក់លែងលះគ្នាអស់ប្រមាណជាង២ខែមកហើយ ដោយសារជនសង្ស័យជាប្ដីវាយដំធ្វើបាបទៅលើស្ត្រីរងគ្រោះខ្លាំងពេក ។ លុះមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានឲ្យស្ត្រីរងគ្រោះមកជួបគ្នា តែស្ត្រីរងគ្រោះមិនទៅជួបនោះទេ មកដល់វេលាម៉ោង២និង១៥នាទី ស្រាប់តែជនសង្ស័យបានយកកាំបិតផ្គាក់មកកាប់ទៅលើនារីរងគ្រោះចំ.ក ខណៈនារីរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់តែម្ដង ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ៕