ភ្នំពេញ ៖ ល្បែងហ្គេមបាញ់ត្រីចំនួន៣ទីតាំងដ៏ធំ ដែលប្រមូលផ្តុំទៅដោយក្រុមក្មេងជំទង់ៗប្រុសស្រីចេញចូលលេង ជាហូរហែ ដែលអាជ្ញាធរមូលដ្ឋានមិនបង្ក្រាប ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ជាអោយលោក ប៊ុត សត្យា ដែលជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបជាលក្ខខណៈទ្រង់ទ្រាយធំ រួមដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ដោយបានឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៧១នាក់ ដកហូតម៉ូតូចំនួន៩គ្រឿង និងទូហ្គេមបាញ់ត្រីជាច្រើនទូ រួមនិងសំភារៈមួយចំនួនធំ។
ការចុះបង្ក្រាបទីតាំងខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងតូបជួល៣ទីតាំងផ្សេងគ្នាជាប់របងផ្សារ ស៊ីធីម៉ល នៅតាមបណ្តោយផ្លូវ១៧២ សង្កាត់ផ្សារធំ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារថ្មីទី៣ បាននិយាយថា ក្នុងផ្សារហ្គោលឌិនសូរិយាម៉ល់នេះ គឺមើលទៅឃើញមានភាពអនាធិបតេយ្យខ្លាំងណាស់ ហើយនេះមិនមែនជាលើកទីមួយទេ ដែលសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបការចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្សារនេះ។ នៅពេលថ្មីៗនេះ លោកអភិបាលខណ្ឌដូនពេញបានដាក់ចេញបទបញ្ជាហាមដាច់ខាតមិនឲ្យមានទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានសង្កាត់ទាំង១១ជាដាច់ខាតតែបែរជានៅតែមានល្បែងហ្គេមបាញ់ត្រី និងទូហ្គេមប្រភេទល្បែងស៊ីសងក្នុងផ្សារនេះបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងដដែល ។
ជនសង្ស័យទាំង៧១នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅ អគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
យ៉ាងណាក៏ដោយ សមត្ថកិច្ចក្នុងប្រតិបត្តិការ គ្មានមន្ត្រីណាម្នាក់ហ៊ានបញ្ជាក់ពីអត្តសញ្ញាណរបស់ថៅកែសម្បុកល្បែងទាំងនោះទេ ដោយគ្រាន់តែខ្សឹបប្រាប់ថា ជារឿងរបស់ថ្នាក់ លើ និងអាចផ្តើមចេញពីទំនាស់ផលប្រយោជន៍របស់ថ្នាក់ក្រោម ព្រោះល្បែងស៊ីសងក្នុងខណ្ឌដូនពេញនេះមានយូរឆ្នាំហើយ និងមានច្រើនកន្លែងទៀតផង ។ បើនិយាយពីកន្ទុយលេខវិញកើតឡើងពេញបន្ទុកនៅក្នុងផ្សារកណ្តាលរាប់សិបឆ្នាំមកហើយ ទាំងប្រធានផ្សារ ទាំងអាជ្ញាធរមូលដ្ឋានត្រជាក់ល្ហឹម ។ បើចង់ជ្រាបច្បាស់ អញ្ជើញទៅមើលក្នុងផ្សារកណ្តាលដោយផ្ទាល់ នោះនឹងឃើញពីទិដ្ឋភាេព ចាក់កន្ទុយលេខឈូរឆរ ជាងកាស៊ីណូតាមព្រំដែនទៅទៀត៕