កណ្តាល ៖ សាកសពប្តីដែលលួចស្ទាក់កាប់សម្លាប់អតីតប្រពន្ធនៅស្រុកលើកដែក រួចជិះម៉ូតូទៅលោតទឹកលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ដោយមានការLive Video Facebook ផងនោះ គិតមកដល់ពេលរសៀលថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ សមត្ថកិច្ចនគរបាលស្រុកមិនទាន់រក ឃើញនៅឡើយទេ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងស្រុកលើកដែក បញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២០ ខែមេសា នេះ ថា នៅតែមិនទាន់រកឃើញនៅឡើយទេ សាកសពបុរសម្នាក់ដែលមកលោតទឹកសម្លាប់ខ្លួន ពីលើ ស្ពាន អ្នកលឿង ក្រោយពីបានកាប់សម្លាប់អតីតប្រពន្ធរបស់ខ្លួននៅក្នុងបរិវេណ អនុវិទ្យាល័យកំពង់ចម្លង កាលពីរសៀលថ្ងៃទី១៩ ខែមេសា កន្លងមក។
អំពើឃាតកម្មដ៏ឃោរឃៅនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញផ្ទៃប្រទេសតែម្តង តាមរយៈបណ្តាញសារព័ត៌មាន និងសង្គមហ្វេសប៊ុកនានា។ បើតាមការអះអាងរបស់សមត្ថកិច្ច មូលហេតុ ដែល ឈានដល់កើតឡើងមានអំពើឃាតកម្មនេះ គឺផ្តើមចេញពីការមិនអស់ក្តីស្រឡាញ់ទៅលើនារីរងគ្រោះ ទោះបីជាបានលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់អស់ពេលជាង៣ខែមកហើយក្តី។
អ្នកស្រី ហាក់ សុខភ័ក្ត្រ អាយុ៤៨ឆ្នាំ ជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា នៅខែមេសា ឆ្នាំ២០១៧កន្លងទៅ ពួកគាត់រៀបចំការមង្គលការអោយកូនស្រី ជាមួយនឹងបុរសជនបទល្មើស ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ដោយរៀបការបាន៣ថ្ងៃក៏កូនស្រីទៅរស់នៅ តាមប្តី។ បន្ទាប់មក កូនស្រីគាត់ និងបុរសជាប្តី រស់នៅមិនចុះសម្រុងនឹងគ្នាទេ ដោយតែងតែកើតហិង្សាវាយដំទៅលើកូនស្រី២ទៅ៣ម្តង។
អ្នកស្រី បានរៀបរាប់ទៀតថា ព្រោះតែកើតមានបញ្ហានេះជាច្រើនសារមក កូនស្រីរបស់គាត់ក៏ស្នើសុំមានការលែងលះគ្នាតាមផ្លូវតាមច្បាប់។ ត្បិតតែមានលែងលះគ្នាដាច់ស្រេចក៏ពិតមែន តែជនល្មើសនៅតែចង់ស្ទាក់ជួបនិយាយឲ្យជានាគ្នាវិញ ដោយការមិនព្រមពីកូនស្រីរបស់គាត់ ក៏មានការបោះពាក្យសម្តីគំរាមថា នឹងសម្លាប់ចោលទៀតផង បើសិនជាកូនស្រីគាត់យកប្តីថ្មី។
គួរជម្រាបថា មុននឹងមានរឿងរ៉ាវឃាតកម្មកើតឡើង កូនស្រីរបស់គាត់ ឈ្មោះ ទន់ ស្រីណយ (នារីរងគ្រោះ) អាយុ២០ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក បានជិះម៉ូតូម៉ាក ហុង ដា ហ្សូមមឺអិច ពណ៌ខ្មៅ លាយទឹកក្រូច និងពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-2388 បំណង ទៅលេងផ្ទះអ៊ុឈ្មោះ ញ៉ែម ចក់។ លុះម៉ោង២រសៀលថ្ងៃទី១៩ មេសា នារីរងគ្រោះក៏លាអ៊ុត្រឡប់ ទៅផ្ទះវិញ ដើម្បីប្រមូលលុយតុងទីន តែត្រូវបានអតីតប្តីរបស់នាង ឈ្មោះ អ៊ិន ដារ៉ាឆាយរ៉ាត់ បាន ស្ទាក់ជួបដោយទាញកាំបិតផ្គាក់កាប់ត្រង់ ក បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើសបានជិះម៉ូតូធំៗមួយគ្រឿងឆ្ពោះទៅស្ពាន ត្សឹបាសា (ស្ពានអ្នកលឿង) ដោយមុននឹងលោតទឹក ឈ្មោះ រ៉ា ឆៃរ៉ាត់ នេះ បាន Live Video តាម facebook ហើយលោតទម្លាក់ខ្លួនពីលើស្ពានបាត់ស្រមោលសូន្យឈឹងតែម្តង ហើយរហូតមកដល់រសៀលថ្ងៃទី៣២០ ខែមេសា នេះ សមត្ថកិច្ចមិនទាន់រកឃើញសាកសពជនដៃដល់ ដែលធ្វើអត្តឃាតនោះនៅឡើយ ទេ៕