មេខ្យល់​ញុះញង់​ពលរដ្ឋ​ឲ្យ​ឈរឈ្មោះ​លក់​ដី​បឹង​ខ្យង​រាប់រយ​ហិកតា​នៅ​ស្រុក​ខ្សាច់កណ្តាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 April, 2018 ក+ ក-

​ព្រៃវែង ៖ ពលរដ្ឋ​ប្រមាណ​ជាង​២០០​គ្រួសារ បានមក​ជួបជុំគ្នា​នៅ​ចំណុច “​ភោជនីយដ្ឋាន​បឹង​ឈូក​” នៅជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ ដែល​ទីនេះ ជា​សកម្មភាព​ចល័ត​ទីតាំង​របស់​ឈ្មួញ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​នៅ​ជុំវិញ​បឹង​ខ្យង ឈរឈ្មោះ​លក់​ដី​បឹង​សាធារណៈ​របស់​រដ្ឋ​ដោយ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​ម្នាក់​តម្លៃ​១០០​ដុល្លារ​។​

​ការជួបជុំ​របស់​ពល​រដ្ឋ​នៅក្នុង​ទីតាំង​នៃ​”​ភោជនីយដ្ឋាន​”​ខាងលើ​គឺ​ពួកគាត់​សុទ្ធតែ​មកពី​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុង​គោលបំណង​មកជួប​ឈ្មួញកណ្តាល តាម​ការ​ណាត់ ដើម្បី​ទទួលយក​លុយ​លក់​ដី​បឹង​”​ខ្យង​”​ប្រមាណ​ជា​១០០​ហិកតា នៅក្រោយ​ភូមិ​របស់​ពួកគាត់​នោះ ឲ្យ​ទទួលបាន​លុយ​ម្នាក់​១០០​ដុល្លារ​ដូច​គេ​ដូច​ឯង​ដែរ​។​
​ពលរដ្ឋ​អះអាងថា ដី​បឹង​ខ្យង នេះ​កាលពីមុន​រហូតមកដល់​បច្ចុប្បន្ន គឺជា​ដី​បឹង​សាធារណៈ​របស់​រដ្ឋ ដែល​ពលរដ្ឋ​នៅ​ទីនោះ​ប្រមាណ​ជា​៨០​ភាគរយ បាន​អាស្រ័យ​ផល​ពី​ដី​បឹង​មួយ​នេះ​។ ប៉ុន្តែ​ពួកគាត់​លើកឡើងថា បើ​គេ​លក់​ដី​បឹង​នោះ​ក៍​លក់​ទៅ​ចុះ​ហេតុអ្វី​បានជា​ឈ្មួញ​តម្រូវ​ឲ្យ​មានឈ្មោះ​តែ​២២០​នាក់​? ខណៈ​អ្នកភូមិ​របស់​ពួកគាត់​មាន​រហូតដល់​ជាង​៣០០​គ្រួសារ​ស្មើនឹង​រាប់ពាន់​អ្នក​ឯណោះ​។​

ក្នុង​នោះគេ​កត់​ឈ្មោះ​រាប់បញ្ចូល​តែ​បក្ខពួក​គ្នា​គេ​ដោយ​គ្រួសារ​ខ្លះ​មាន​គ្នា​៦​នាក់​ទទួលបាន​លុយ​ម្នាក់​១០០​ដុល្លារ​ទាំងអស់​។ រីឯ​គ្រួសារ​ខ្លះ សូម្បីតែ​ម្នា​ក់ក៍​គ្មាន​ឈ្មោះ​ផង និយាយ​រួម​អ្នក​បាន​លុយ​គេ​នៅ​ស្ងៀម ចំណែក​អ្នក​មិនទាន់បាន​លុយ​គឺ​នៅតែ​អត់ និង​មានប្រតិកម្ម​ទើប​បែកធ្លាយ​ថា ឈ្មួញកណ្តាល​យក​ពលរ​ដ្ឋ​ឲ្យ​ឈរឈ្មោះ​លក់​ដី​បឹង​របស់​រដ្ឋ​ឲ្យ​ទៅ​ពួកខ្លួន “​ឈ្មួញកណ្តាល​” ជា​ថ្នូរ​ឲ្យ​លុយ​ម្នាក់​១០០​ដុល្លារ និង​ចុះឈ្មោះ​ថតរូប គូប​ពី អត្តសញ្ញាណ​ប​ណ្ណ័ ដើម្បី​យកទៅ​ក្លែងបន្លំ​ឯកសារ​ធ្វើ​ប្លង់​ព័​ទយ​កដី​បឹង​ខ្យង រាប់រយ​ហិកតា​ទុក​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន ឫ​អ្នក​វិ​និ​យា​គ​បន្ត​ចំណេញ​រាប់ម៉ឺន​លាន​ដុល្លារ​ដោយ​ងាយ​។​

បើតាម​បងស្រី​ម្នាក់ បាន​បញ្ជាក់ថា អ្នក​ដែល​ទទួល​លុយ​ពី​ឈ្មួញ​មាន​ចំនួន​តិច​ទេ រីឯ​អ្នក​មានឈ្មោះ​ហើយ​មិនទាន់បាន​លុយ​ក៍មាន​ច្រើន​ដែរ ចំណែក​អ្នក​ដែល​មិនទាន់​មានឈ្មោះ​សោះ នៅមាន​ក៍រិត​តែ​ច្រើនជាង​នឹង​ទៅទៀត ហេតុនេះ​ទើប​អ្នក​ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​របស់​ឈ្មួញ និង​មិនទាន់បាន​លុយ បាននាំគ្នា​កាន់​អត្តសញ្ញាណ​ដើម្បី​មក​យកលុយ និង​ចុះឈ្មោះ​យកលុយ​ដែរ តែ​ទីបំផុត​បានត្រឹមតែ​សោក​ការ លុយ​ក៍​មិនបាន ពេលវេលា​ក៍​ខាត ព្រោះ​ឈ្មួញ​បានគេច​ខ្លួន​បាត់អស់ ដោយ​មិន​នៅ​ដោះស្រាយ​ដូច​ការ​ណាត់​នោះឡើយ​។​

​ប្រភព​បាន​ឲ្យ​ដឹងថា ការជួបជុំ​របស់​ពល​រដ្ឋ​បែបនេះ មិនមែនជា​លើក​ទី​១​ទេ គឺ​ច្រើនលើក​ហើយ នៅ​ស្រុក​ខ្សាច់កណ្ដាល ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​បែបនេះ ទើប​ឈ្មួញ​បង្វែរ​មកជួប​ជុំគ្នា​នៅឯ​ស្រុក​ពារាំង ខេត្តព្រៃវែង​វិញ​។​

យោងតាម​របាយការណ៍​របស់​សាលាឃុំ​ជ័យ​ធំ នៅពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា មេខ្យល់​ដែល​ទទួល​យកលុយ​ពី​ក្រុមហ៊ុន​ទុច្ចរិត ទៅ​ចែក​ប្រជាពលរដ្ឋ​ដើម្បី​ផ្តិតមេដៃ​លក់​បឹង​នេះ ទី​១​មានឈ្មោះ ម៉ៅ សឿន​,​ទី​២​ឈ្មោះ គឹម ឡុ​ក និង​ទី​៣​ឈ្មោះ យឿន រ៉ា ដែលមាន​ទី​លំនៅដ្ឋាន​ក្នុង​ឃុំ​នេះ​។​
​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៩​ខែមេសា លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ក្នុងស្រុក​ខ្សាច់កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ប្រើល្បិច​យក​បឹង​ធម្មជាតិ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​មក​ធ្វើជា​កម្មសិទ្ធិឯកជន ដោយ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ គឺ​ចាប់ខ្លួន​មេខ្យល់ និង​ឈ្មួញ​ទុច្ចរិត ដាក់ពន្ធនាគារ​ទៀតផង​។​

គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រែក​ថ្មី ប្រមាណ​៥០​ទៅ​៦០​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​លុយ​ពី​ឈ្មួញ​ម្នាក់​១០០​ដុល្លារ សម្រាប់​ការ​ឈរឈ្មោះ​លក់​ដី​បឹង​ខ្យង ដោយ​ពុំមាន​ការទទួលស្គាល់ ឬ​ចុះហត្ថលេខា​ពី​អាជ្ញាធរ​ឡើយ នេះ​អាចជា​ការចាញ់បោក​ក្នុង​ការទិញ​លក់​រវាង​ឈ្មួញ និង​ពលរដ្ឋ លើដី​បឹង​ទាំងមូល​ដោយ​ឲ្យ​តម្លៃ​ក្នុង​ម្នាក់ៗ​តែ​១០០​ដុល្លារ​ប៉ុណ្ណោះ​៕