ភ្នំពេញ ៖ នៅក្នុងឳកាសចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសានេះ នៅវិមានសន្តិភាព ឯកឧត្តម ជិន វ៉ូ (Chen Wu) អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន បានជំរាបជូនថា គោលបំណងចំនួនពីរនៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកនៅកម្ពុជាពេលនេះ គឺទី១ដើម្បីគោរពអញ្ជើញ សម្តេចតេជោ ក្នុងនាមជាប្រទេសកិត្តយសចូលរួមក្នុងពិព័រណ៌ ពាណិជ្ជកម្មអាស៊ានចិន លើកទី១៥ នៅក្នុងទីក្រុងណាននីង ដែលនឹងរៀបចំធ្វើ នៅអំឡុងខែវិច្ឆិកា ខាងមុខ ។ និងគោលបំណងទី២ គឺជម្រុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងខេត្តក្វាងស៊ី ជាមួយប្រទេសកម្ពុជា ដោយអនុលោមតាមការព្រមព្រៀងគ្នា រវាងសម្ដេចតេជោ ជាមួយលោកប្រធានាធិបតីចិនស៊ីជីនពីង នាពេលកន្លងមក ក្នុងការ ការបង្កើតសហគមន៍វាសនា ចិនអាស៊ាន។
ក្នុងន័យនេះ ឯកឧត្តម ជិន វ៉ូ បានបង្ហាញថា ខេត្តក្វាងស៊ី បានជំរុញអ្នកវិនិយោគជាច្រើនមកវិនិយោគនៅកម្ពុជា ដូចជា លើវិស័យប្រព័ន្ធផ្សព្វផ្សាយផ្នែកទូរទស្សន៍ ផ្នែកបច្ចេកវិទ្យា រោងចក្រកិនអង្ករ និងផ្នែកទេសចរណ៍ជាដើម ។ នៅក្នុងវិស័យទេសចរណ៍ ឯកឧត្តម ជិន វ៉ូ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នមានការហោះហើរត្រង់ ពីខេត្តក្វាងស៊ីមកទីក្រុងភ្នំពេញរួចហើយ បន្ថែមពីនេះនាពេលខាងមុខនឹងមានការហោះហើរត្រង់ ពីខេត្តក្វាងស៊ី ទៅខេត្តសៀមរាបផងដែរ។តាមរយៈការហោះហើរត្រង់នេះ ឯកឧត្តម ជិន វ៉ូ បានបញ្ជាក់ថា នឹងទាក់ទាញអ្នកទេសចរចិននៅខេត្តក្វាងស៊ីប្រមាណ10 ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋចិន ប្រមាណ0.2 % ដែលមកទស្សនកិច្ចនៅកម្ពុជា ។ ចំនុចសំខាន់មួយទៀត ដែល ឯកឧត្តម ជិន វ៉ូ បានបញ្ជាក់នៅក្នុងជំនួបទ្វេភាគីនេះ គឺនៅថ្ងៃទី២៤ខែមេសានេះ ភាគីរដ្ឋាភិបាលចិន និងកម្ពុជា នឹងចុះហត្ថលេខា លើអនុស្សារណៈសហការគ្នា ដើម្បីអភិវឌ្ឍកំពង់ផែនៅខេត្តកំពត ផងដែរ ។
ពាក់ព័ន្ធនឹងការចូលរួមអភិវឌ្ឍកំពង់ផែនៅខេត្តកំពតនេះ សម្ដេច តេជោ នាយករដ្ឋមន្ត្រីបានលើកឡើងថា កំពង់ផែនេះមានសារៈសំខាន់ណាស់ ហើយអាចជារបៀងមួយទៀត ស្របតាមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន។ សម្តេច ថ្លែងបញ្ជាក់ថា របៀងនោះមានសារសំខាន់ស្របពេល ដែលនាពេលខាងមុខនេះ នឹងមានការពង្រីកផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយជាងមុនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដើម្បីកាត់បន្ថយការចំណាយពេលវេលាសម្រាប់ការដឹកជញ្ជូនទំនិញពីខេត្តកំពត មកកាន់រាជធានីភ្នំពេញ។ បន្ថែមពីនេះ សម្តេចបានលើកឡើងថា នៅអមសងខាងផ្លូវជាតិលេខ៣ មានរោងចក្រជាច្រើន និងបណ្ដាញវារីអគ្គីសនីសំរាប់ផ្គត់ផ្គង់ប្រើប្រាស់ទៀតផង ដែលនេះជាអំណោយផល នៅក្នុងការធ្វើជាច្រករបៀងសេដ្ឋកិច្ចមួយបន្ថែមទៀត។ ដោយឡែក សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពី ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិន ដែលកំពុងឈានដល់កម្រិតខ្ពស់មួយ មានភាពរឹងមាំ។
ជាមួយគ្នានេះ សម្ដេចបានបញ្ជាក់ការទទួលយកសំណើរ ក្នុងការទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មអាស៊ានចិននៅទីក្រុងណាននីងរបស់ខេត្តក្វាងស៊ី នាពេលខាងមុខ ដោយសម្តេចក៏គាំទ្រចំពោះអ្នកវិនិយោគិនចិនមកពីខេត្តក្វាងស៊ីមករកស៊ីនៅកម្ពុជាអផយកាន់តែច្រើនផងដែរ។ សូមបញ្ជាក់ថា តាមរយៈជំនួបទ្វេភាគីនេះ ឯកឧត្តម ជិន វ៉ូ អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន បាននាំមកនូវអង្គចំនួន ១៦០ តោន ជូនតាមរយៈសម្ដេចតេជោ សម្រាប់ ប្រើប្រាស់ជួយក្នុងវិស័យមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ៕