ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ក្រោយពីបានឡើងលើផ្ទះប្រជាពលរដ្ឋប៉ុនប៉ងចាប់រំលោភលើកូនស្រីគេ ទាំងកណ្តាលយប់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨
នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ ហ.ហ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មករ សព្វថ្ងៃរស់នៅភូមិ ឃុំ កើតហេតុ ។ ជនរងគ្រោះមានស្លាកស្នាមជាំថ្ពាល់ខាងស្តាំ ជាំដើមដៃខាងឆ្វេង ស្នាមជាំកខាងស្តាំ និងស្នាមរលាត់។
លោកអធិការ បានបន្ថែមថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជនរងគ្រោះ ហើយបានបើកមុងចូល ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើបលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបំរះ និងខាំដៃជនសង្ស័យ ហើយស្រែកអោយឪពុកម្តាយជួយ ។ ក្រោយឮសម្លេងស្រែកអោយជួយ ឪពុកម្តាយក៏ស្ទុះទៅ ឃើញជនសង្ស័យឈ្មោះ ធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន ឃើញដូច្នេះ ឪពុក ក៏បានតេមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕