ភ្នំពេញ ៖ តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមលើកទី១ បានបង្ហាញថា កម្ពុជានៅក្នុងឆ្នាំ២០១៨ នេះ ស្ថានភាពទឹកទន្លេមេគង្គនាពេលបច្ចុប្បន្ន បង្ហាញពីកត្តាអាកាសធាតុ និងការវិភាគលើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ ឆ្នាំ២០១៨នេះ ទឹកអាចនឹងមានកម្ពស់ ១០,០៥ ម៉ែត្រ ដែលនេះ ចាត់ទុកជាប្រភេទជំនន់ធំ ។
តាមការព្យាកររបស់ក្រសួងធនធាន និងឧតុនិយម បង្ហាញថា ទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៨នេះ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ក្នុងនោះមាន៖
– ទន្លេមេគង្គស្ទឹងត្រែង៖ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ពី០,២៥ម៉ែត្រ – ០,៦៣ម៉ែត្រ។
– ទន្លេមេគង្គក្រចេះ៖ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ពី០,៤៤ម៉ែត្រ – ១,២៨ម៉ែត្រ។
– ទន្លេមេគង្គកំពង់ចាម៖ ក្នុងខែមករា ទាបជាងមធ្យមបន្តិចបន្តួច តែចាប់ពីខែកុម្ភៈមក ទឹកមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដល់ទៅ ០,៤៩ ម៉ែត្រ។
– ស្ថានីយជលសាស្ត្រទន្លេបាសាក់-ចតុមុខ៖ ពីខែមករា ដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតទាបជាងមធ្យមពី ០,២២ម៉ែត្រ – ០,៦៨ម៉ែត្រ តែមកដល់ខែមេសានេះ ទឹកមានកម្រិតខ្ពស់ជាងមធ្យមវិញ រហូតដល់ ០,២២ម៉ែត្រ ។
-ទឹកក្នុងបឹងទន្លេសាប៖ ស្ថានីយជលសាស្ត្រក្រគរ-កំពង់លួង ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតទាបជាងមធ្យមប្រមាណពី ០,១៣ម៉ែត្រ – ០,៥៤ម៉ែត្រ តែចាប់ពីដើមខែមេសា ទឹកមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមវិញ ៕