លោកនាយក​រដ្ឋមន្ត្រី អា​បេ បញ្ជាក់ថា ជប៉ុន​នៅតែ​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅវេលា​ម៉ោង​៤ ៖ ២០​នាទី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​ចូលជួប​សម្ដែង​ការគួរ​សមលោក ស៊ីន​ហ្សូ អា​បេ (Shinzō Abe) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នា​ទីស្តីការ​នាយករដ្ឋមន្ត្រី​។​

​ក្នុងជំនួប​នេះ​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ស្វា​គម​ន៏​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តប​ទៅនឹង​ការអញ្ជើញ​របស់លោក​ក្នុងជំនួប​ផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១១ នៅ​ប្រទេស ម៉ុង​ហ្គោ​លី នាពេល​កន្លងមក ។ លោកនាយក​រដ្ឋមន្ត្រី អា​បេ ថ្លែងថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជប៉ុន​-​កម្ពុជា នឹង​ត្រូវបាន​ពង្រឹងពង្រីក​ថែមទៀត​។​

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​បញ្ជាក់​ជំហរ​យ៉ាងច្បាស់​លាស់​ថា ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​លើក​នូវ​យោបល់​មួយចំនួន​ដើម្បី​ឲ្យ​កម្ពុជា យកទៅ​ពិចារណា​ក្នុង​គោលបំណង​ធានា​ឲ្យ​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខនេះ ប្រព្រឹត្ត​ទៅដោយ សេរី យុត្តិធម៌ និង​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​១ នៃ​ដំណើរ​ទស្សនកិច្ច របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​ស៊ី​ហ្សិ​គិ តា​គី​ហ្សា​គិ (Shigeki Takizaki) អគ្គនាយក​កិច្ចការ អាស៊ីអាគ្នេយ៍ និង​និរតី​នៃ​ក្រសួងការបរទេស​ជប៉ុន​។​

​ក្នុង​កិច្ចពិភាក្សា​នេះ លោក​បណ្ឌិត បាន​ជម្រាបជូន​អំពី​ស្ថានការណ៍​ពិតប្រាកដ​របស់​កម្ពុជា​ទាំង​ស្ថេរភាព និង​ការអភិវឌ្ឍន៍​នាពេល​បច្ចុប្បន្ននេះ ដែល​នាំ​ឲ្យ​មានការ​កើនឡើង​នូវ​ទំនុកចិត្ត​របស់​វិនិយោគិន ក្នុងនោះ​កំណើន​វិនិយោគិន​ជប៉ុន​ក៏​កាន់តែ​ច្រើនឡើង​ផងដែរ​។ ជាមួយគ្នានេះ​ឯកឧត្ដម​ស៊ី​ហ្សិ​គិ តា​គី​ហ្សា​គិ (Shigeki Takizaki) ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ចទំនាក់ទំនង​រវាង​កម្ពុជា​-​ជប៉ុន និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជានា​ពេល​បច្ចុប្បន្ននេះ​។

​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ លោក​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​យ៉ា​ស៊ូ​ហ្ស៊ី អាកាស៊ី (Yasushi Akashi) អតីត​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ជា​ប្រធាន​នៃ​អជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UNTAC)​។​​

ក្នុងជំនួប​នេះ លោក យ៉ា​ស៊ូ​ហ្ស៊ី អាកាស៊ី បាន​រំលឹក​ឡើងវិញ​នូវ​ការងារ​មួយចំនួន​ដែល​កើតមាន​ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​១៩៩២-១៩៩៣ និង​ការលះបង់​ធំៗ​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​របស់​កងក​ម្លាំ​ង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​ដើម្បី​ស្វែងរក​សន្តិភាព​ដ៏​លំបាក​ជូន​កម្ពុជា​នាពេលនោះ​។​

​ចំណែក​នៅពេល​ល្ងាច​ថ្ងៃ​ដដែល លោក កា​ហ្សូ​យូគី ណា​កា​ណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន បានរៀបចំ​អាហារ​ពេល​ល្ងាច​ដើម្បី​ពិភាក្សា​ការងារ និង​ស្វា​គម​ន៏​ដំណើរ​មកដល់ របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត យ៉ាង​រាក់ទាក់​ស្និទ្ធស្នាល​៕