ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិករជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹង ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នឹងត្រូវចាប់ផ្ដើមនៅចុងខែមេសា រហូតដល់ពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
លោក នុត សុខុម អនុប្រធានគ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី២៥ ខែមេសានេះ ថា ការចុះបញ្ចីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ពោលគឺមានរយៈពេល១៥ថ្ងៃ។ ចំណែកការស្នើសុំពាក្យ និងដាក់ពាក្យការចុះបញ្ចីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត គឺធ្វើនៅទីស្ដីការគ.ជ.បតែម្ដង។
លោកអនុប្រធាន គ.ជ.ប បានបញ្ជាក់ ថា ដោយយោងតាមមាត្រា២៣នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ គឺដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្របាន ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញលក្ខខណ្ឌចំនួន៥ដូចជា៖ទី១.មានសញ្ជាតិខ្មែរពីកំណើត។ ទី២.មានអាយុ២៥ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត។ ទី៣.មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ៤.មានលំនៅដ្ឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា។ និងទី៥.មានការតែងតាំងពីគណបកក្សនយោបាយ ដែលបានចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
មន្ដ្រីជាន់ខ្ពស់គ.ជ.ប លោក នុត សុខុម បានបញ្ជាក់បន្ថែមទៀត ថា ចំពោះការស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.បត្រូវពិនិត្យសម្រេចជូនក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីបានទទួលពាក្យស្នើសុំ។ ក្នុងករណីដែលពាក្យសុំចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌទាំងនោះ គ.ជ.បនឹងចេញលិខិតជូនដំណឹង ទៅគណបក្សនយោបាយដែលបានស្នើសុំ ដើម្បីកែតម្រូវ ឬបំពេញចំណុចខ្វះខាតយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងរួច។
សូមជម្រាប ថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ ឆ្នាំ២០១៣កន្លងទៅនេះ មានគណបក្សនយោបាយចំនួន៨ បានចូលរួមឈរឈ្មោះបោះឆ្នោត។ ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ បើយោងតាមរបាយការណ៍ ដែលគ.ជ.ប ទទួលបានពីក្រសួងមហាផ្ទៃ មកទល់នឹងពេលនេះ មានគណបក្សនយោបាយ ដែលបានចុះបញ្ជីផ្លូវការមានចំនួន៣៧គណបក្ស៕