ភ្នំពេញ ៖ វិទ្យុបារាំងផ្សាយជាខេមរភាសា បានផ្សាយនៅថ្ងៃទី២៦ ខែមេសា នេះថា អង្គការ Global Witness និង Open Corporates នៅថ្ងៃទី២៥ មេសាម្សិលមិញនេះ បានបញ្ចេញនូវសំណុំទិន្នន័យថ្មីនៃក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជា។ តាមស្ថាប័នទាំងពីរ សំណុំទិន្នន័យថ្មីនេះនឹងជួយដល់អ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សអាចដឹងពីប្រភេទនៃអំពើពុករលួយ និងការបំពានច្បាប់នានាដែលជាការជួយពូនជ្រុំឲ្យរដ្ឋអំណាចខ្មែរកាន់អំណាចបានជាង៣០ឆ្នាំមកនេះ។ អ្នកនាំពាក្យបក្សកាន់អំណាចចាត់ទុកការលើកឡើងរបស់អង្គការ Global Witnessនេះថាជាការយាយីប្រជាប្រិយភាពរបស់រដ្ឋាភិបាលកម្ពុជា។
សំណុំទិនុ្នន័យថ្មីនៃក្រុមហ៊ុនរកស៊ីនៅក្នុងប្រទេសកម្ពុជានេះ គឺមានបង្ហាញលម្អិតពីឈ្មោះរបស់ក្រុមហ៊ុន ប្រភេទក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន និងរយៈពេលនៃដំណើរការរបស់ក្រុមហ៊ុនជាដើម។ អង្គការ Global Witness បានអះអាងឲ្យដឹងថា សំណុំទិន្នន័យថ្មីនេះ ត្រូវបានក្រុមហ៊ុន Open Corporate ទាញយកទិន្នន័យចេញពីក្រសួងពាណិជ្ជកម្មកម្ពុជា ដោយរកឃើញព័ត៌មាននៃក្រុមហ៊ុនថ្មីៗជាង១ម៉ឺនក្រុមហ៊ុន។ សំណុំទិន្នន័យនៃក្រុមហ៊ុននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានដាក់បង្ហាញនៅលើគេហទំព័ររបស់ក្រុមហ៊ុន Open Corporate។
លោកស្រី Emma Burnett មន្ត្រីផ្នែកធ្វើយុទ្ធនាការរបស់អង្គការ Global Witness បានលើកឡើងថា សំណុំទិន្នន័យថ្មីនេះ គឺមានសារៈសំខាន់ក្នុងការស្វែងរកនូវការពិតក្នុងពេលដែលវាពិបាកក្នុងការទុកចិត្តទៅលើការចុះផ្សាយលើទំព័រកាសែតរបស់កម្ពុជានានា។ អង្គការ Global Witness សង្ឃឹមថា សំណុំទិន្នន័យនេះនឹងជួយដល់ប្រជាពលរដ្ឋដែលចង់រាយការណ៍ពីភាពអយុត្តិធម៌នានានៅក្នុងប្រទេសកម្ពុជា ហើយវានឹងមិនត្រូវបានប្រើប្រាស់តែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនឹងប្រើប្រាស់ជាលក្ខណៈសាកល។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកការបញ្ចេញទិន្នន័យនិងការលើកឡើងរបស់អង្គការ Global Witness នេះថា គ្រាន់តែជាល្បិចកលមួយដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ សម្រាប់លោកសុខ ឥសាន ក្រុមហ៊ុនរកស៊ីទាំងអស់នៅកម្ពុជាត្រូវបានគ្រប់គ្រងត្រឹមត្រូវទៅតាមច្បាប់ ហើយប្រសិនបើមានអំពើពុករលួយ និងបំពានច្បាប់ណាមួយកើតឡើងនោះ វាមិនមែនអាស្រ័យទៅតាមការអះអាងរបស់អង្គការ Global Witness ឬអ្នកណាមួយឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការ Global Witness បានអំពាវនាវដល់រដ្ឋាភិបាលបរទេសទាំងឡាយឲ្យដាក់ទណ្ឌកម្មលើសមាជិករដ្ឋាភិបាលកម្ពុជា។ សមាជិករដ្ឋាភិបាលកម្ពុជាដែលអង្គការនេះចាត់ទុកថា បានលួចទ្រព្យសម្បត្តិរបស់រដ្ឋ និង បានធ្វើឲ្យខូចនូវលទ្ធិប្រជាធិបតេយ្យ ដោយរារាំងកុំឲ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន ឬធ្វើវិនិយោគជាដើម។ សម្រាប់អង្គការ Global Witness ទិន្នន័យស្តីពីភាពជាម្ចាស់នៃក្រុមហ៊ុន គឺជាគន្លឹះសំខាន់ក្នុងការតាមដាននូវទ្រព្យសម្បត្តិរបស់ឥស្សជនពុករលួយនៅកម្ពុជា។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលអង្គការ Global Witness បញ្ចេញទិន្នន័យបែបវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា។ កន្លងមក អង្គការមួយនេះធ្លាប់បានធ្វើរបាយការណ៍ស្តីពីការកាប់ព្រៃឈើនៅកម្ពុជា ក៏ដូចជារបាយការណ៍ស្តីពីក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងការរំលាយគណបក្សសង្គ្រោះជាតិនិងការចាប់ខ្លួនលោកកឹម សុខាជាដើម។ សម្រាប់លោកសុខ ឥសាន អ្វីៗដែលអង្គការ Global Witness ធ្វើកន្លងមករហូតមកទល់ពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីយាយីប្រជាប្រិយភាពរបស់គណបក្សប្រជាជន និងដើម្បីបង្ខូចកិត្តិយសរបស់រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ៕ ប្រភព ៖ RFI
(ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្លាប់ត្រូវបានអង្គការGlobal Witness អះអាងថាក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា@Samdech Hun Sen, Cambodia Prime Minister)