បាត់ដំបង ៖ កុមារាវ័យ១៣ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ និងបីនាក់ផ្សេងរងរបួសធ្ងន់ធ្ងរ ក្នុងករណីផ្ទុះគ្រាប់បែកដែលសេសសល់ពីសម័យសង្គ្រាម។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី២៦ មេសា ឆ្នាំ២០១៨ នៅចំណុចទីតាំងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង នៅគ្រា ដែលក្មេងៗទាំងបានយកគ្រាប់៦៩ មីលីម៉ែត្រ មកដំលេងទើបបណ្តាលឲ្យផ្ទុះឡើងតែម្តង។
បើតាមមន្ត្រីនគរបាលថា ក្មេងរងគ្រោះមានឈ្មោះ ទី១៖ ឈ្មោះ សំ ប្រុស អាយុ១៣ឆ្នាំ (ស្លាប់នៅកន្លែង) ទី២ឈ្មោះ ភាក់ ស្រីពេជ្រ ភេទស្រី អាយុ៤ឆ្នាំ របួសធ្ងន់ទី៣៖ ឈ្មោះ ទិត្យ វណ្ណ អាយុ១០ឆ្នាំ របួសធ្ងន់ និងទី៤៖ ឈ្មោះ សំ ថាប់ អាយុ៥ឆ្នាំរបួសធ្ងន់។
ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗសមត្ថកិច្ចថា គ្រាប់ដែលផ្ទុះនោះជាប្រភេទគ្រាប់ M69mm។
ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឃុំកំពង់ល្ពៅនេះ មានគ្រាប់មីនតោនក៏ច្រើនណាស់ភាគច្រើនមាន២-៣ជាន់ និងសំរុកដាក់នៅចុងឆ្នាំ១៩៩៧-៩៨។
នេះហើយជាកាកសំណល់សង្គ្រាម សង្គ្រាមត្រូវបានបញ្ចប់តែការឈឺចាប់មិនទាន់ចប់នៅឡើយទេ សូមចូលរួមរំលែកទុក្ខក្រៀមក្រំជាមួយគ្រួសារសពនិងគ្រួសាររងរបួសនិងកុមារៗរងរបួសឆាប់ជាស្បះស្បើយឡើងវិញ។
បើតាមអាជ្ញាធរមីន ចំពោះហេតុការណ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ដែលកុមារកម្ពុជា នៅតែបន្តរងគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិតដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធបន្តការអប់រំ ផ្សព្វផ្សាយពីគ្រោះថា្នក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យបានកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ជាពិសេសកុមារនៅតាមសាលារៀន ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់៕