ភ្នំពេញ ៖ លោក នាយឧត្តមសេនីយ ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់នៅថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ២០១៨ ថា ឯកសារនៃពាក្យស្នើសុំបង្កើត គណបក្សថ្មីនោះកំពុងត្រូវបានត្រួត ពិនិត្យ។ ការបញ្ជាក់ដូច្នេះ នៅគ្រាដែលកូនប្រុសពៅរបស់លោក គង់ គាំ លោក គង់ មុនីកា បាន ដាក់លិខិតបង្កើតគណបក្សឆន្ទៈខ្មែរចូលអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីសុំចុះឈ្មោះជាផ្លូវការ។
លោក គង់ មុនីកា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃ ទី២៦ ខែមេសា នេះថា គោលបំណងរបស់លោក គឺប្រមែលប្រមូល អតីត សមាជិកគណបក្ស សង្គ្រោះជាតិដែលកំពុងវិលវល់មិនមានកោះ ត្រើយឲ្យ មក ចូល រួមក្នុងគណបក្សថ្មីនេះ។ លោក មានសង្ឃឹមថា អ្នកគាំទ្រអតីតគណ បក្សសង្គ្រោះជាតិទាំងអស់ នឹងងាកមកគាំទ្រគណបក្សថ្មី របស់ លោកបន្ទាប់ ពីលេច ចេញជារូបរាងនាពេលខាងមុខ។
កាលពីថ្ងៃ២៥ ខែមេសា លោក គង់ មុនីកា បានចេញសេចក្ដីប្រកាស និងអំពាវនាវមួយសុំ ឲ្យ អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ជួយគាំទ្រគណបក្សបង្កើតថ្មីដែលលោក គង់ មុនីកា បានគ្រោងដាក់ឈ្មោះថា “ គណបក្ស ឆន្ទៈខ្មែរ“។នៅព្រឹកថ្ងៃ២៦ មេសា ក្រុមស្ថាបនិក ចំនួន ៧ បានបើកកិច្ច ប្រជុំជា លើកដំបូងរបស់ខ្លួន ដើម្បីរៀបចំបែបបទដាក់ទៅក្រសួងមហាផ្ទៃ តាមនីតិ វិធី ស្ដីពីការបង្កើតគណបក្សនយោបាយនិងសមាសភាពចូលរួមបង្កើតចំនួន៨០រូប។ បន្ទាប់ពី ប្រកាស បង្កើត គណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា កំពុងប្រមែប្រមូលស្នាមមេដៃ ឱ្យគ្រប់តាម លក្ខខណ្ឌដើម្បីដាក់ជូនក្រសួងមហាផ្ទៃ។ លោកបានបញ្ជាក់ថា ការចុះបញ្ជីនឹងធ្វើ ឱ្យទាន់ពេល វេលាដើម្បីចូលរួមក្នុងការបោះឆ្នោត។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះមានគណបក្សចំនួន៣៧បក្ស ដែលបានចុះបញ្ជីនៅក្រសួងមហា ផ្ទៃ និងមានសិទ្ធិចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចុះបញ្ជីឈ្មោះបេក្ខជន ឈរ ឈ្មោះបោះឆ្នោតខែកក្កដា ២០១៨នេះបាន» ។ តំណាងគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ដែលគេស្គាល់ថា ជាកូនប្រុសលោកគង់ គាំអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី បាន ប្រកាសតំណាងឲ្យក្រុមអ្នកនយោបាយប្រជាធិបតេយ្យសេរីមួយក្រុមថា នឹងនាំគ្នាបង្កើតគណបក្ស ឆន្ទៈខ្មែរ ចូលរួមបោះឆ្នោតខែកក្កដា ២០១៨៕