ភ្នំពេញ ៖ ក្នុងរយៈពេលនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត ត្រូវ បានអនុញ្ញាតជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ជាមួយថ្នាក់ ដឹកនាំកំពូលៗ របស់ជប៉ុន ក្នុងនោះក៏មាន លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ផងដែរ។
នៅវេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-កម្ពុជា (J-Cambodia Parliamentary Friendship Group) ដែលដឹកនាំដោយឯកឧត្តម ម៉ាសាហ៉ីរុ អ៉ីម៉ាមុរ៉ា (Masahiro Imamura ) ។
ក្នុងកិច្ចសំណេះសំណាលនេះភាគីទាំងពីរបានវាយតម្លៃរួមគ្នាថា កិច្ចសហប្រតិបត្តិការរវាង ជប៉ុន-កម្ពុជា កំពុងត្រូវបានពង្រីកឥតឈប់ឈរលើគ្រប់វិស័យ ជាក់ស្តែងយើងថាបច្ចប្បន្ននេះ ប្រទេសទាំងពីរត្រូវបានតភ្ជាប់ដោយការហោះហើរត្រង់ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ ។ ការកើនឡើងនៃទំនាក់ទំនងនេះ បានផ្តល់នូវផលប្រយោជន៏រវាងប្រទេសទាំងពីរ ប្រជាជនទាំង ពីរ ជាពិសេសការវិនិយោគលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ។
បន្ទាប់ពីបានជូបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ក្នុងថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សា ការងារជាមួយឯកឧត្តមឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការ ចម្រុះ នៃកងស្វ័យការពារជប៉ុន ឯកឧត្តមឧត្តម សេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា ។ ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និង ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរផងដែរ។
មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននាល្ងាចថ្ងៃទី២៨ ខែមេសា នេះ បណ្ឌិត ហ៊ុនម៉ាណែត ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរជាង៤០0នាក់នៅទីក្រុងតូក្យូក្រោមបរិយាកាសរាក់ទាក់រីករាយស្និទ្ធស្នាលក្រៃលែង។ក្នុងឱកាសនេះបណ្ឌិតបាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសជប៉ុន។
សូមជម្រាបជូនថាតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុនបណ្ឌិតបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃពីថ្ងៃទី២៤ដល់ថ្ងៃ២៩ខែមេសានៅទីក្រុងតូក្យូប្រទេសជប៉ុន។ក្នុង អំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ ឯ.ឧ.បណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ដូចជាលោកនាយករដ្ឋមន្ត្រី, លោករដ្ឋមន្ត្រីការបរទេស ,លោករដ្ឋមន្ត្រីការពារជាតិ ,លោកអគ្គបញ្ជាការ ,មេបញ្ជារការជើងគោកកងស្វ័យការពារ និងលោកអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ,អនុរដ្ឋមន្ត្រីការបរទេស ព្រមទាំងឥស្សរជន និងសមាជិកសភារបស់ជប៉ុនជាច្រើនរូបទៀត ៕