ភ្នំពេញ ៖ ក្នុងពិធីយាងចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង២៧០០នាក់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលអំពាវនាវជាថ្មីម្ដងទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញនាំគ្នាទៅបោះឆ្នោត ហើយមិនត្រូវជឿតាមការញ៉ុញង់អុជអាល ពីមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះឲ្យសោះ។
ខណៈការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់នោះ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលអំពាវនាវជាថ្មីម្ដងទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញនាំគ្នាទៅបោះឆ្នោត ហើយកុំជឿតាមការញ៉ុញង់អុជអាល របស់អ្នកនយោបាយក្រៅច្បាប់មួយចំនួនឲ្យសោះ។ ការអំពាវនាវជាថ្មីនេះ គ្រាដែលសម្តេចក្រុមព្រះ និងអ្នកម្នាង ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សហ្វ៊ុនស៊ិនប៉ិចបានយាង និងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង២៧០០នាក់ នៅភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
បើតាមឯកឧត្ដមយឹម សាវី អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាប បានថ្លែងឲ្យដឹង ថា នៅក្នុងឱកាសនេះ មានមន្ដ្រីនិងសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិមួយចំនួន បានសម្រេចចិត្តចុះជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយសារតែអស់ជំនឿលើគណបក្សទាំង២នាក់។ ក្នុងនោះឯកឧត្ដមយឹម សាវី បានបង្ហាញក្ដីសង្ឃឹមថា មន្ដ្រី និងសមាជិកគណបក្សទាំង២នេះ នឹងបន្តចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចជាបន្តបន្ទាប់ទៀត ព្រោះគណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សរាជានិយមតែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានបន្ទូលស្វាគមន៍ចំពោះមន្ដ្រី និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិ ដែលសម្រេចមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សហ្វ៊ិនប៉ិចនាពេលនេះ។ ក្នុងនោះដែរសម្ដេចក្រុមព្រះ បានមានបន្ទូលអំពាវនាវជាថ្មីទៀត សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា អញ្ជើញទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយមិនត្រូវជឿតាមការញ៉ុញង់អុជអាល ពីមន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ ដែលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះឲ្យសោះ។
នាឱកាសដដែលនេះសម្តេចក្រុមព្រះ បានមានបន្ទូលបញ្ជាក់ ថា”ជោគវាសនារបស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺពឹកផ្អែកលើប្រជាពលរដ្ឋខ្មែរតែមួយគត់ ប្រសិនបើប្រជាពលរដ្ឋបោះឆ្នោតជូននឹងមានពន្លឺបន្តទៀត តែប្រសិនបើមិនបោះឲ្យទេ គឺអាចនឹងថយក្រោយ”។ សូមជម្រាប ថា បើតាមការជូនដំណឹងរបស់គ.ជ.ប គឺការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ។
គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន៣៧ហើយ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ៕